ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រៀបចំកម្មវិធីលេងល្បែងប្រជាប្រិយ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែល​ជា​ថ្ងៃ​ទី​៣​ នៃការ​បញ្ចប់​ទិវា​ចូល​ឆ្នាំ​ថ្មី​រយៈពេល​ ៣​ ថ្ងៃ​ នាយទាហាននាយទាហានរងនិងពលទាហាន នៅទីបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងក្រុមគ្រួសារ បានរៀបចំពិធីលេងល្បែង​ របាំប្រជាប្រិយ​ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការកំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់ បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ក្រៅពីបានចាត់តាំងកម្លាំងសហការការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋកំសាន្តសប្បាយរីករាយនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ធំ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំកម្មវិធីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅឆ្នាំនេះឱ្យ មានភាពអធិកអធមនិងសប្បាយរីករាយ ដោយបានរៀបចំការលេងល្បែងប្រជាប្រិយ មានដូចជា ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង លោតបាវ វាយក្អម និងល្បែងស្វាដណ្ដើមស្លឹកឈើ ជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំនិងក្រុមគ្រួសារផងដែរ។

នៅក្នុងឱកាសនេះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអរគុណដល់សន្តិភាព អរគុណនយោ បាយ ឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ទើបយើងមានអ្វីៗគ្រប់យ៉ាង និងមានការសប្បាយរីករាយនៅថ្ងៃនេះ ហើយក៏បានអំពាវនាវដល់យោធិនទាំងអស់ និងក្រុមគ្រួសារត្រូវបន្តប្រុងប្រយ័ត្ន ទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការបី ការពារនិងបីកុំ របស់សម្ដេចតេជោ ហ៊ុន សែន ។

យោធិនចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនយោធិនគ្រប់រូបនិងក្រុមគ្រួសារ ទើបយើងមានឱកាស សប្បាយរីករាយនៅថ្ងៃនេះ ៕

ដោយ៖ សិលា


ចែករំលែក៖