ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ៖ សង្ក្រាន្ត​វត្តភ្នំនៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​មហា​ជនចូលរួមកម្សាន្តសប្បាយរីករាយរយ:ពេល៣ថ្ងៃ​ជិត២២ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖ ​ លោក​ម៉េត​ មាស​ភក្តី​ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​ បានឱ្យ​ដឹង​ថា​ សម្រាប់​សង្ក្រាន្ត​វត្តភ្នំនៃពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរបានចូលរួម​ប្រមាណ​ជិត​២២ម៉ឺននាក់​ប្រកបដោយ​ស្នាមញញឹម​ និងសប្បាយរីករាយ​ ក្រោមការរៀបចំដោយយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញ​ ។ លោក​បន្តថា​ ក្នុង​រយៈពេល​៣ថ្ងៃ​កន្លង​មក​នេះ​ បងប្អូន​ប្រជាពលរដ្ឋ​បាន​ដេីរលេង​កម្សាន្ត​ និង​លេងល្បែងប្រជាប្រិយ​របស់​ខ្មែរយើងប្រកបដោយ​ភាព​សប្បាយ​រីករាយ​ ជាពិសេស​បញ្ហាសន្តិសុខ​ សណ្តាប់​ធ្នាប់​មានលក្ខណៈ​ល្អ​ប្រសើរ​ ដោយ​មិនមានបញ្ហាអ្វីកេីតឡេីងគួរឱ្យកតសម្គាល់អ្វីឡេីយ​ ។ 

    លោក​ ម៉េត​ មាស​ភក្តី​ បានបញ្ជាក់ថា​ សង្ក្រាន្ត​វត្តភ្នំសម្រាប់​ថ្ងៃ​ទី១មានបងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​៤ម៉ឺន​នាក់​  នៅ​ថ្ងៃទី​២​មានចំនួន​៦៥០០០​នាក់ លេីសថ្ងៃទី១ជាង២ម៉ឺននាក់​ និងថ្ងៃទី៣នេះ​ បងប្អូនយេីងចូលរួមចំនួន១១៥.០០០នាក់​ លេីសថ្ងៃទី២ជិតទ្វេដង​ដែល​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​ ។ 

    តាមការបញ្ជាក់ឱ្យដឹងពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញនាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ថា៖ រដ្ឋបាលខណ្ឌដូនពេញ បានចែកម៉ាស់ដែលជាអំណោយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលមកកម្សាន្តអស់ចំនួន១២.០០០ម៉ាស់ ដោយមិនគិតថ្លៃ។ ចំណែកការចាក់វ៉ាក់សាំងនៅមណ្ឌលចាក់វ៉ាក់សាំងនៅក្នុងបរិវេណសង្ក្រាន្តវត្តភ្នំបានចំនួន៦៧នាក់ និងមណ្ឌលវត្តឧណ្ណាលោមចាក់បានចំនួន២២នាក់ សរុបរួមបានចំនួន៨៩នាក់។

   ចំណែកសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ មានលក្ខណ:ល្អប្រសើរណាស់ មិនមានបទល្មើសព្រហ្មទណ្ឌអ្វីគួរឲ្យកត់សម្គាល់ឡើយ។

  ប្រជាពលរដ្ឋនិងភ្លៀវទេសចរដែលមកកម្សាន្តមានការសប្បាយរីរាយ និងអបអរសាទរចំពោះរដ្ឋបាលរាជរាជធានីភ្នំពេញ ដែលបានរៀបចំសង្ក្រាន្តវត្តភ្នំ ដើម្បីប្រជាពលរដ្ឋនិងភ្ញៀវទេសចរមកកម្សាន្តសប្បាយប្រកបដោយសុវត្ថិភាពខ្ពស់ទាំងការងាររក្សាសន្តិសុខសុវត្ថិភាព និងការងារបង្ការទប់ស្កាត់កូវីដ-១៩ផងដែរ៕

ដោយ ៖ សំរិត


ចែករំលែក៖