ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន បញ្ជាឲ្យ អាជ្ញាធរផ្អាកអនុវត្តន៍នូវច្បាប់គ្រប់គ្រងកូវីដក្នុង អំឡុងចូលឆ្នាំ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅអាជ្ញាធរឲ្យផ្អាកច្បាប់គ្រប់គ្រងកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយសម្ដេចថាឲ្យពលរដ្ឋទទួលបានការសប្បាយរីករាយក្នុងអំឡុងពេលនេះ និងថាអាចអនុវត្តន៍បានតែកន្លែងណាមានហានិភ័យនៃជំងឺប៉ុណ្ណោះ។

ទោះជាយ៉ាងណាសម្ដេចបានស្នើឲ្យពលរដ្ឋអនុវត្តន៍វិធានការសុខាភិបាល ៣កុំ ៣ការពារ ត្រូវចេញទៅទទួលវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីធានាថាកម្ពុជាមានសុវត្ថិភាពគ្រប់គ្រាន់។

សម្ដេចបានថ្លែងបែបនេះក្នុងពេលអភិសេករូបសំណាកតំណាងឲ្យការកកើតទឹកដីកម្ពុជា «ព្រះថោងនាងនាគ» នៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុន សែន បានលើកឡើងថា សម្ដេចបានដាក់ចិត្តក្នុងការប្ដេជ្ញាការពារនូវសន្តិភាពសម្រាប់ប្រទេសកម្ពុជាដោយសារតែសម្រេចមិនចង់ឃើញយុវជនជំនាន់ក្រោយជួបវាសនាអភ័ព្វដូចសម្ដេចនោះទេ។

ថ្លែងនៅក្នុងពិធីអភិសេករូបសំណាក់ព្រះថោងនាងនាគនៅក្នុង ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ បានរំលឹកពីប្រវត្តិនៃការបាត់បង់ភ្នែកម្ខាងរបស់សម្ដេចកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ដោយថាគឺជាសោកនាដកម្មនៃសង្គ្រាមដែលបានធ្វើឲ្យយុវជនដូចសម្ដេចទទួលរងគ្រោះបែបនេះទេ។

សម្ដេចតេជោ ថាការប្ដេជ្ញាការពារសន្តិភាពគឺ ដោយសារមិនចង់ឃើញយុវជនជំនាន់ក្រោយ ជួបវាសនាអភ័ព្វដូចសម្តេច។ សម្ដេចតេជោ ហ៊ុនសែន ថ្លែងថា៖ «ក្នុងឱកាសដែលខ្ញុំព្រះករុណាខ្ញុំមានឱកាសក្នុងដើម្បីដឹកនាំប្រទេសខ្ញុំព្រះករុណាខ្ញុំប្ដូរផ្ដាច់ដើម្បីដឹកនាំប្រទេសមួយនេះតាមផ្លូវសន្តិភាព។ ស្វែងរកសន្តិភាពជូនប្រជាជនឲ្យខានតែបាន ខ្ញុំមិនចង់ឃើញយុវជន ឬកុមារ មានវាសនាអភ័ព្វដូចខ្ញុំព្រះករុណាខ្ញុំដែលក្លាយខ្លួនជាជនរងគ្រោះនៃសង្គ្រាម»។

សម្ដេចថាសម្ដេចមិនចង់ឱ្យអ្នកណាមួយបំផ្លាញនូវសន្តិភាពនៃប្រទេសនេះទេ ដោយថាការអាចត្រឡប់មកប្រារព្ធនូវពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឡើងវិញ និងការរីកចម្រើនរបស់កម្ពុជាគឺដោយសារតែកត្តាសន្តិភាព។
សម្ដេចបានឲ្យតម្លៃយ៉ាងខ្ពស់ដល់សន្តិភាពនិងថា «កុំរង់ចាំសង្គ្រាមកើតឡើង ទើបស្វែងរកសន្តិភាព»៕

ដោយ៖ សិលា


ចែករំលែក៖