ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងធ្វើឲ្យ មនុស្សប្រុសវ័យជំទង់៣នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសបាក់ភ្លៅ

ចែករំលែក៖

ខេត្តរតនគិរី ៖ គ្រោះថ្នាក់រវាងម៉ូតូពីរគ្រឿងបើកបរបញ្ច្រាសទិសគ្នា បុកពេញទំហឹងបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ៣នាក់ និងម្នាក់ទៀតរងរបួសបាក់ភ្លៅ ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៦៖៤០នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅផ្លូវជាតិ៧៨ ត្រង់ចំណុចទល់មុខផ្លូវលំ ចូលភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

នេះបើតាមសមត្ថកិច្ចបានបញ្ចាក់ថា. គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ នៅចំណុចកើតហេតុខាងលើ ធ្វើឲ្យអ្នកបើកម៉ូតូម៉ាកឌ្រីមc125 ពណ៌ខ្មៅ ស្លាកលេខរតនគិរី.1C.5036 ឈ្មោះថាផាន់ណុប ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្ត រតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ បូ សម្ផស្ស ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី (រងរបួសបាក់ភ្លៅខាងស្តាំ)។

សមត្ថកិច្ចបានបន្តថា.ម៉ូតូខាងលើនេះបានបើកបរបញ្ច្រាសទិសគ្នា បានបុកនឹងម៉ូតូម៉ាកMSXពណ៌ខ្មៅពាក់ស្លាកលេខ រតនគិរី.1E.1699 ដែលមានអ្នកបើកបរម៉ូតូឈ្មោះសេង សារ៉ាណា ភេទប្រុសអាយុ១៦ ឆ្នាំជនជាតិខ្មែរមានទីលំនៅ ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី(ស្លាប់នឹងកន្លែងកើតហេតុ)។និងអ្នករួមដំណើរម្នាក់ឈ្មោះនីរដ្ឋា រតនៈ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ(ស្លាប់នៅនឹងកន្លែងកើតហេតុ)មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង រួចប្រគល់សាកសពជនរងគ្រោះទាំង៣នាក់ ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា។ ចំណែកម៉ូតូជនរងគ្រោះទាំង២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកូនមុំ រង់ចាំការដោះស្រាយទៅតាមនីតិវិធីច្បាប់៕

ដោយ៖មាស សុផាត


ចែករំលែក៖