(តពីលេខមុន)
ក្នុងភូមិអាគ្រាជទាំងមូល ក្រុមគ្រួសារអ្នកជម្លៀសចេញពីក្រុងភ្នំពេញ និងខេត្តស្វាយរៀងមានទាំងអស់ជិត១០០ គ្រួសារត្រូវបានអង្គការឲ្យរស់នៅសហករណ៍មួយនេះ ក្រោមការឃ្លាំមើលរបស់អង្គការគ្រប់នាទី។ប្រជាជនទាំងនេះត្រូវបានអង្គការចាត់ទុកថា ជាប្រជាជនថ្មីជាប់និន្នាការនយោបាយជាមួយលោកលន់ នល់ គឺជាមុខសញ្ញាត្រូវកម្ទេច។ មិនបានប៉ុន្មានផងប្រជាជនជាង ៥០ នាក់ដែលសុទ្ធតែបុរស ត្រូវបានអង្គការចាត់ឈ្មោះឱ្យទៅរៀនសូត្រនៅចំណុចឬស្សីម្រេញ ស្ថិតនៅ ឃុំកន្សោមអក ស្រុកកំពង់ត្របែកខេត្តព្រៃវែងនៅចម្ងាយប្រមាណជាង ២០ គីឡូម៉ែត្រពីឃុំព្រៃឈរដោយអ្នកទាំងនោះត្រូវអង្គការស្រាវជ្រាវដឹងថាជាប់ពាក់ព័ន្ធនិន្នាការធ្វើមន្ត្រីរាជការ ជាពិសេសជាប់និន្នាការធ្វើទាហាន។ ក្រុមគ្រួសារដែលត្រូវអង្គការចាត់តាំងឲ្យទៅរៀនសូត្រទាំង ៥០នាក់នោះ ក៏មានវត្តមាន ឪពុកមា បងថ្លៃ បងជីដូនមួយ របស់ខ្ញុំសរុបទាំងអស់ ៧នាក់ផងដែរ។អ្នកទាំងនេះត្រូវក្រុមសន្តិសុខអាវខ្មៅ(ឈ្លប) ស្ពាយកាំភ្លើងមកបណ្ដើរចេញពីខ្ទមទាំងយប់ម្នាក់ម្ដងម្នាក់ម្ដងយកទៅជួបជុំជាមួយក្រុមអ្នកពាក់ព័ន្ធនយោបាយ លន់ នល់ រាប់រយនាក់ទៀតនៅក្នុងវត្តឯករាជ្យដែលអង្គការយកវត្តនេះធ្វើជាមន្ទីឃុំ។ ក្រុមគ្រួសារខ្ញុំមានភាពតក់ស្លុតណាស់ ម្នាក់ៗបានត្រឹមលួចសម្រក់ទឹកភ្នែកព្រោះដឹងច្បាស់ថាពាក្យរៀនសូត្រ មិនខុសពីអង្គកាតយកទៅធ្វើទារុណកម្ម និងសម្លាប់ចោលនោះឡើយ។ ក្រុមឈ្លនបានបណ្តើរសាច់ញាតិខ្ញុំ ៧ នាក់ដែលមានតែបង្វិចសម្លៀកបំពាក់តិចតួច និងអំបិលគ្រាប់ខ្មៅដូចធ្យូងមួយកញ្ចប់ៗដាក់នៅលើស្មាទៅជាមួយដោយធ្វើដំណើរកាត់ស្បៃរាត្រីងងឹតសូន្យ។ ខ្ញុំចេះតែគិតថាថ្ងៃនេះអង្គការយកឪពុកមា បងថ្លៃបងជីដូនមួយរបស់ខ្ញុំទៅសម្លាប់ចោល ហើយមិនយូរមិនឆាប់នឹងដល់វេនគ្រួសារខ្ញុំមិនខាន។
បីថ្ងៃក្រោយមក សមមិត្តប្រធានភូមិ បានចុចឈ្មោះខ្ញុំ និងក្រុមយុវជនចំណូលថ្មីទាំងអស់ឲ្យយកចននិងបង្គីទៅលើកដីលុបនៅផ្លូវជាតិលេខ ១ ឲ្យល្អឡើងវិញចាប់ពីស្ពានកំពង់ត្របែកទៅខាងកើតជាប់ព្រំប្រទល់តំបន់ 24 ខេត្តស្វាយរៀង ព្រោះផ្លូវនេះត្រូវតិខូចខាត ដាច់ដោច ដោយកងទ័ពរំដោះបំផ្លាញចោលក្នុងពេលមានសង្គ្រាមជាមួយរបបសាធារណរដ្ឋខ្មែរលោក លន់ នល់ ក្នុងអំឡុងឆ្នាំ ១៩៧៣ មិនឱ្យរថយន្តយោធានិងរថក្រោះ បើកឆ្លងកាត់បានស្រួល។ នៅពេលនោះបងប្អូនខ្ញុំភ័យលស់ព្រលឹងដោយនឹកគិតថាខ្ញុំត្រូវអង្គការយកទៅរៀនសូត្រទៀតហើយ តែជាសំណាងដែរព្រោះប្រជាជនថ្មីនិងប្រជាជនមូលដ្ឋានជាច្រើននាក់គួរសមត្រូវអង្គការចាត់តាំងទៅធ្វើការងារនេះជាមួយខ្ញុំមិនចាត់តាំងទៅរៀនសូត្រទេ។ (នៅមានត)
ពិនិត្យស្រាវជ្រាវដោយ÷ ចៅតាជេត