ខេត្តស្វាយរៀង ៖ តាមលោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ ខេត្តស្វាយរៀង បានបញ្ជក់ឱ្យដឹង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ រយៈពេល៣ថ្ងៃ គិតចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន៣៩,០៤៤នាក់ បានមកលេងកម្សាន្តនៅខេត្តស្វាយរៀង។
លោក វ៉ាន់ សារ៉ាត់ បានឱ្យដឹងទៀតថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដែរ ខេត្តស្វាយរៀង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តសប្បាយក្នុងសង្រ្កាន្ដតាមវត្តអារាម សាលារៀន រមណីយដ្ឋាននានា និងច្រាំងទន្លេ (តាបុល) ក្រុងស្វាយរៀង។ ក្នុងនោះនៅតាមរមណីយដ្ឋានមានភ្ញៀវទេសចរសរុបប្រមាណ៣,៣១៤នាក់ ភោជនីយដ្ឋាន និងអាងហែលទឹក សរុបប្រមាណ ៤,៣៧០នាក់, សង្ក្រាន្តតាមវត្តសរុបប្រមាណ ១១,៦០០នាក់ និងសង្ក្រាន្តតាមសាលារៀនសរុបប្រមាណ ១៤,៧៦០នាក និងកម្សាន្តតាមច្រាំងតាបុល (ទន្លេវ៉ៃគោ) សរុបប្រមាណ ៥,០០០នាក់។
សូមបញ្ជាក់ថា អាជ្ញាធរក៏បានបង្កើតឱ្យលេងល្បែងប្រជាប្រិយ៍ និងរាំលេងកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលែងតាមវត្តអារាម និងសាលារៀន រមណីយដ្ឋាននានាក្រោមម្លប់នៃសន្តិភាព និងមានការអភិវឌ្ឍន៍ដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពជឿជាក់ ចំណែកសន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ៕
ដោយ៖យឹម សុថាន