ព័ត៌មានទាន់ហេតុការណ៍៖

មានករណីស្លាប់ដោយកូវីដ-១៩ ជាលើកដំបូងក្នុងទីក្រុងសៀងហៃ

ចែករំលែក៖

ទីក្រុងសៀងហៃប្រទេសចិនមានករណីស្លាប់ដោយកូវីដ-១៩ ជាលើកដំបូងក្នុងរលកកូវីដ-១៩ថ្មី ដែលផ្ទុះឡើងចាប់តាំងពីខែមីនាឆ្នាំ២០២២មក។ ករណីស្លាប់ដោយកូវីដ-១៩ ក្នុងទីក្រុងសៀងហៃមាន៣នាក់ គឺជាមនុស្សចាស់មានអាយុចាប់ពី ៨៩-៩១។
តាមតួលេខដែលបានប្រកាសនៅព្រឹកថ្ងៃទី១៨ខែមេសា ករណីឆ្លងកូវីដ-១៩ក្នុងទីក្រុងសៀងហៃមាន ២២.២៤៨នាក់ ថយចុះ១០%បើប្រៀបធៀបនឹងមួយថ្ងៃមុន។ ជាមួយគ្នានេះករណីឆ្លងដែលចេញអាការៈក៏បានថយចុះ ២៥%ផងដែរ នៅសល់តែ ២.៤១៧នាក់ប៉ុណ្ណោះ។
ជាមួយគ្នានេះដែរមន្ត្រីនៅតាមតំបន់ក្នុងទីក្រុងសៀងហៃ ក៏មានគម្រោងបើកដំណើរការឡើងវិញក្នុងតំបន់ដែលមិនមានករណីឆ្លងកូវីដ-១៩ រយៈពេល២សប្តាហ៍កន្លងមក។ ចំណែកនៅតំបន់ដែលមានករណីឆ្លងខ្ពស់នៅបិទខ្ទប់នៅឡើយទេ ។
ក្រុមអ្នកជំនាញបានលើកឡើងថា ឧបសគ្គដែលទីក្រុងសៀងហៃប្រឈមនៅពេលនេះគឺជាលទ្ធផលនៃការខ្វះភាពត្រៀមលក្ខណៈសម្រាប់ទប់ស្កាត់ការឆ្លងកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង និងកំហុសឆ្គងក្នុងគោលនយោបាយទប់ស្កាត់កូវីដ-១៩ ក្នុងទីក្រុងដែលមានពលរដ្ឋច្រើនបំផុតនៅប្រទេសចិន៕ ដោយ៖ ធីរីណា

រូបថត​ ៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួ


ចែករំលែក៖