ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបករណីបទល្មើស ធ្វើឲ្យខូចខាតដោយចេតនា (វាយកញ្ចក់រថយន្ត) ត្រង់ចំណុចក្រុមទី០៣ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោលកាលពីព្រលប់ថ្ងៃទី ១៧ខែមេសាឆ្នាំ ២០២២ ។ នេះបើតាមការចុះផ្សាយក្នុងគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកអធិការ បានឲ្យដឹងថា កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ម៉ន កែវទិន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល បានយកតុដែកវាយកញ្ចក់រថយន្ត ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង របស់ជនរងគ្រោះឈ្មោះ មុំ សុវណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល បណ្ដាលឱ្យខូចខាតយ៉ាងដំណំ។ សម្ភារៈខូចខាតរួមមាន៖ រថយន្ត ០១គ្រឿង ម៉ាកអ៊ីហ្ស៊ុយស៊ុយ ពណ៌ប្រផេះ ស៊េរីឆ្នាំ២០០៣ មួយគ្រឿង (បែកកញ្ចក់មុខ បែកកញ្ចក់ក្រោយ និងបែកកញ្ចក់ចំហៀងខាងស្តាំ)។ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកអុបប៉ូ ពណ៌ខ្មៅ ។ ក្នុងនោះកម្លាំងនគរបាលស្រុកបានដកហូតសម្ភារៈជាវត្ថុតាងរួមមាន តុដែកចំនួន ០១ និងកាំបិតផ្លែដែកដងឈើចំនួន ០១។
មកដល់ពេលនេះកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកថ្មគោលកំពុងកសាងសំណុំរឿងជនសង្ស័យដើម្បីចាត់ការតាមច្បាប់៕
ដោយ ៖ ប្រាថ្នា