អ្នកចាត់ការបច្ចេកទេសក្លិបលោក Gerry Hamstra បាននិយាយថា ក្លិប Ajax បានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីរក្សាលោក Erik ten Hag ឲ្យដឹកនាំក្លិបបន្ត ចំពេលមានគោលដៅចាប់អារម្មណ៍ក្លាយជាអ្នកចាត់ការ Manchester United នៅរដូវកាលក្រោយនោះ។
Man Utd ជិតឈានដល់ការបញ្ជាក់ពីការតែងតាំងលោក Ten Hag លើកិច្ចសន្យារយៈពេល៣ឆ្នាំដែលរំពឹងទុក ចំពេលដែលក្រុម Ajax បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Dutch Cup ក្នុងលទ្ធផល 2-1 ក្រោមស្នាដៃក្រុម PSV Eindhoven កាលពីថ្ងៃអាទិត្យ។
លោក Hamstra បានប្រាប់សារព័ត៌មាន ESPN និង BBC Sport មុនពេលបរាជ័យថា “យើងសង្ឃឹមថាគាត់នៅ។ យើងត្រូវប្រកាន់ខ្ជាប់នូវការពិត គាត់មិនទាន់ចាកចេញនៅឡើយទេ” ។
លោក Ten Hag មិនត្រូវបានគេរំពឹងថា នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ Man Utd នៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យនោះទេ។ ក្រុមរបស់គាត់នាំមុខគេនៅលីកកំពូលហុល្លង់ Eredivisie ដោយមាន៤ពិន្ទុដាច់ពីក្រុមលេខ២ PSV ខណៈដែលក្រុម Ajax មានបំណងចង់ឈ្នះពានរង្វាន់លីកហូឡង់ជាលើកទី៣ក្រោមការដឹកនាំរបស់លោក Ten Hag ។
លោក Hamstra បានអះអាថា “មានការចាប់អារម្មណ៍សម្រាប់លោកErik ten Hag ដែលជារឿងធម្មតា។ គាត់ធ្វើបានល្អណាស់ យើងបានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីរក្សាគាត់នៅ Ajax ។ គាត់បានប្រតិកម្មថា គាត់កំពុងផ្តោតលើ Ajax ឥឡូវនេះ។ យើងកំពុងរៀបចំសម្រាប់សេណារីយោ២ គឺលោក Ten Hag អាចនឹងស្នាក់នៅ ឬអាចចាកចេញ” ។
សូមបញ្ជាក់ថា ក្រុម Ajax បាននាំមុខបន្ទាប់ពី២៣នាទីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រហុល្លង់ខាប់ (Dutch Cup) នៅពេលដែលកីឡាករ Ryan Gravenberch ស៊ុតបញ្ចូលទី។ ទោះបីជាយ៉ាងណាក៏ដោយ គ្រាប់បាល់របស់កីឡាករ Noussair Mazraoui ត្រូវបានពិនិត្យដោយ VAR មុនពេលកីឡាករ Erick Gutierrez និង Cody Gakpo ស៊ុតបញ្ចូលទីឱ្យក្រុមPSV ក្នុងជ័យជម្នះ២ទល់១ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)