ព័ត៌មានទាន់ហេតុការណ៍៖

សុខសន្តិភាពនេះហើយ ដែលបានផ្តល់នូវឱកាសក្នុងការធ្វើបុណ្យសន្សំកុសលរួមគ្នាប្រកបដោយភាពសប្បាយរីករាយ

ចែករំលែក៖

ខេត្តកំពត ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមម្លប់នៃសុខសន្តិភាពជាង ៤០ ឆ្នាំកន្លងមកនេះ ប្រទេសជាតិយើងមានលំនឹងស្ថិរភាព ហើយបាននាំមកនូវការអភិវឌ្ឍយ៉ាងច្រើនទាំងក្នុងទីវត្តអារាមនេះ ក៏ដូចជាក្នុងខេត្តកំពត និងទូទាំងប្រទេស <<សុខសន្តិភាពនេះហើយ ដែលបានផ្តល់នូវឱកាសក្នុងការធ្វើបុណ្យសន្សំកុសលរួមគ្នាប្រកបដោយភាពសប្បាយរីករាយ ជាពិសេសការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗ>>។

ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងឱកាស លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ពោធដាក់ឱ្យប្រើប្រាស់នូវមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តព្រៃតុម្ព ស្ថិតក្នុងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

លោក បានថ្លែងដោយគូសបញ្ជាក់ថា សម្តេចតេជោ បាននាំមកនូវសន្តិភាពពេញលេញសម្រាប់ជូនប្រជាពលរដ្ឋ រួមមានទាំង “សន្តិភាពផ្លូវកាយ” គឺការការពារមិនឱ្យមានការវិលត្រលប់មកវិញនូវស្ថានការណ៍សង្គ្រាម ដូចធ្លាប់កើតមាននាខែមេសា ឆ្នាំ១៩៧៥ ដែលបានបង្កនូវមហាវិនាសកម្មកាប់សម្លាប់អាយុជីវិត ប្រជាពលរដ្ឋ និងការបំផ្លិចបំផ្លាញគ្រប់ហេដ្ឋរចនាសម្ព័ន្ធជាតិ។ និង “សន្តិភាពផ្លូវចិត្ត” គឺការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការរស់នៅប្រកបដោយក្តីសង្ឃឹម។ សម្តេចតែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍ ដោយមិនមានពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះទ្បើយ។ ដូច្នេះ សូមបន្តជឿទុកចិត្តមកលើ សម្តេចតេជោ តាមរយៈការបោះឆ្នោតជូនសម្តេច បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍភាពរុងរឿងបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោក ក៏បាន ថ្លែងអំណរគុណដល់ក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់ អនុវត្តភារកិច្ចបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ រួមទាំងការចុះសួរសុខទុក្ខ និងស្វែងយល់ផ្ទាល់ពីស្ថានភាពនៅមូលដ្ឋាន ដែលនេះគឺជាកាតព្វកិច្ចចម្បង និងជាការផ្សាភ្ជាប់មួយយ៉ាងសំខាន់រវាងរាស្ត្រជាម្ចាស់ប្រទេស និងមន្ត្រីជាអ្នកបម្រើរាស្ត្រ និងសូមលើកទឹកចិត្តឱ្យបន្តការងារដ៏ពិសិដ្ឋនេះរឹតតែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីឱ្យសក្តិសមនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋដែលបានផ្តល់ជូន៕

ដោយ ៖ សិលា


ចែករំលែក៖