ក្រុមអ្នកមានបុណ្យ Barcelona បានរងបរាជ័យក្នុងទឹកដីខ្លួនឯងដ៏គួរឱ្យភ្ញាក់ផ្អើលនៃការប្រកួតក្របខ័ណ្ឌ La Liga ក្រោមថ្វីជើងក្រុម Cadiz ក្នុងលទ្ធផល១ទល់០ ដើម្បីទុកឱកាសឲ្យក្រុមកំពូលតារាង Real Madrid កាន់តែខិតទៅជិតការលើកពានលីគកំពូលអេស្ប៉ាញនៅរដូវកាលនេះ។
ក្រុម Cadiz ដែលស្ថិតក្នុងក្រុមបាតតារាងទាំង៣ បានបន្តឱកាសឡើងផុតពីតំបន់កាត់ចោលដោយសារតែគ្រាប់បាល់១គ្រាប់របស់ Lucas Perez បានស៊ុតបាល់ពីចម្ងាយចូលទីក្រុម Barcelona នៅនាទីទី៤៨។ នេះគឺជាការបាត់បង់ពិន្ទុនៅ La Liga លើកដំបូងរបស់ Barcelona ចាប់តាំងពីថ្ងៃទី៤ ខែធ្នូ ដោយបញ្ចប់ការប្រកួតលីគមិនចាញ់១៥ប្រកួត។
ក្រុមឈរលេខ២ Barcelona តាមពីក្រោយក្រុម Real Madrid ១៥ពិន្ទុ ខណៈសល់៧ប្រកួតទៀតនឹងចប់រដូវកាលនេះ។ ក្តីសង្ឃឹមណាមួយដែលក្រុម Barcelona ដើម្បីប្រជែងពានរង្វាន់ La Liga ឆ្នាំនេះមានតិចតួចប៉ុណ្ណោះសម្រាប់ជើងឯកក្របខ័ណ្ឌកំពូលលើកទី៣៥របស់ខ្លួន ក្រោយពីចាញ់ក្រុម Cadiz ។
ក្រុម Barcelona បានបង្ហាញទម្រង់លេងល្អឡើងវិញក្រោមការដឹកនាំរបស់លោក Xavi ចាប់តាំងពីគាត់ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្នុងខែវិច្ឆិកា ហើយថែមទាំងបានផ្តួលក្រុមកំពូលតារាងលីគក្នុងលទ្ធផល ៤-០ នៅ Bernabeu កាលពីខែមុនផងដែរ។ ប៉ុន្តែក្លិបនៅ Nou Camp មួយនេះបានកែប្រែរយៈពេល១សប្តាហ៍ជាមួយនឹងការបរាជ័យនេះកើតឡើង៥ថ្ងៃបន្ទាប់ពីពួកគេត្រូវបានផ្តួលនៅផ្ទះដោយក្រុម Eintracht Frankfurt និងបានធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ។
ការចុះហត្ថលេខានាំយកកីឡាករ Pierre-Emerick Aubameyang និង Adama Traore ពីក្លិបនៅក្របខ័ណ្ឌ Premier League ខែមករា ត្រូវបានដកចេញពីជម្រើសដំបូង១១នាក់ដំបូងពេលប្រកួតទល់នឹងក្រុម Cadiz ខណៈដែលក្រុមម្ចាស់ផ្ទះស្វែងរកគ្រាប់បាល់តាមស្មើ ប៉ុន្តែក្រុមភ្ញៀវបានបិទដោយខ្សែការពារយ៉ាងរឹងមាំ បើទោះបីក្រុមម្ចាស់ផ្ទះព្យាយាមដាក់សម្ពាធយ៉ាងណាក៏ដោយ។ ជ័យជម្នះនេះនាំឱ្យក្រុម Cadiz ដាច់២ពិន្ទុពីតំបន់កាត់ចោលដោយនៅសល់ការប្រកួតចំនួន៦ទៀត។
ការប្រកួតបន្ទាប់ក្រុម Barcelona នឹងជួបជាមួយក្រុមម្ចាស់ផ្ទះ Real Sociedad នៅថ្ងៃទី២២ ខែមេសាខាងមុខ ខណៈដែលក្រុម Cadiz ត្រូវប៉ះក្រុមភ្ញៀវ Bilbao នៅថ្ងៃទី២២ មេសាខាងមុខនេះដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)