រោងចក្រផលិតរថយន្តតូយ៉ូតា របស់ជប៉ុននៅក្នុងទឹកដីអាហ្វ្រិកខាងត្បូង ត្រូវបានបិទទ្វារក្រោយពីមានភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ ជន់លិចរថយន្តជាច្រើនធ្វើឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្ត KwaZulu-Natal អាហ្វ្រិកខាងត្បូងបានសម្លាប់មនុស្សរាប់រយនាក់ និងបង្កការខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់រាប់សិបលានដុល្លារ។ រោងចក្រផលិតរថយន្ត Prospecton របស់តូយ៉ូតា រងផលប៉ះពាលយ៉ាងខ្លាំង បង្ខំឱ្យក្រុមហ៊ុនត្រូវបិទទ្វារផ្អាកការផលិត។
ប្រភពព័ត៌មានក្នុងតំបន់បានឱ្យដឹងថា រោងចក្រ Prospecton ផលិតរថយន្តប្រភេទ Hilux និង Corolla Cross ដែលមានបុគ្គលិកធ្វើការប្រមាណជាង៧ពាន់នាក់ ត្រូវផ្អាក។ រូបភាពថតនៅទីតាំងរោងចក្របានបង្ហាញឱ្យឃើញថា រថយន្តរាប់រយគ្រឿងត្រូវទឹកភ្លៀងជន់លិច ។ រថយន្តជាច្រើនគ្រឿងត្រូវលិចទាំងស្រុងក្នុងទឹក ធ្វើឱ្យខូចខាតយ៉ាងខ្លាំង។
ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់នៅអាហ្វ្រិកខាងត្បូង មកទល់ថ្ងៃទី ១៨ខែមេសា មានមនុស្ស ៤៤៣នាក់ស្លាប់ដោយគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ។
អភិបាលខេត្ត KwaZulu-Natal លោក Sihle Zikalalaបានបញ្ជាក់ថា គ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្តនេះបណ្តាលឱ្យមានអ្នកស្លាប់៤៤៣នាក់ និងបាត់ខ្លួនជាង៦០នាក់។
ក្រៅពីនេះក៏មានពលរដ្ឋរាប់សិបពាន់នាក់បាត់បង់ផ្ទះសម្បែង ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីក៏ត្រូវបានកាត់ផ្តាច់ ។ តាមការលើកឡើងរបស់លោក Sihle Zikalala ការខាតបង់ហេដ្ឋារចនាសម្ព័ន្ធគិតជាទឹកប្រាក់ ប្រមាណជិត១ពាន់លានដុល្លារ៕
ដោយ៖ ធីរីណា