ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបុកមនុស្សម្នាក់ស្លាប់នៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមនុស្សមានសតិមិនគ្រប់បានស្លាប់បាត់បង់ជីវិតគួរឱ្យរន្ធត់ដោយសារត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបុកពេញទំហឹង។ ករណីនេះបង្កការភ្ញាក់ផ្អើលនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២​ វេលាម៉ោង៤និង០០នាទីទៀបភ្លឺនៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ១៧-១៨ ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

    មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា រថយន្តបុកមនុស្សស្លាប់មិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រីឯជនរងគ្រោះភេទប្រុស អាយុប្រហែល៣៧ឆ្នាំ មិនស្គាល់អត្តសញ្ញាណ។ 

     ប្រភព​ដដែលបន្តថា​ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ ប្រជាជនបានប្រទះឃើញសាកសពដេកស្លាប់នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចកើតហេតុខាងលើ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍។ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានទៅពិនិត្យ ឃើញសាកសពស្លាប់នៅលើផ្លូវ ភេទប្រុសអាយុប្រហែល៣៧ឆ្នាំ មិនស្គាល់អត្តសញ្ញាណ។ តាមព័ត៌មានពីកន្លែងកើតហេតុថា  ជនរងគ្រោះនេះគឺជាមនុស្សដែលមានសតិមិនគ្រប់ដើរចុះឡើងលើផ្លូវជាតិ ត្រូវរថយន្តមួយគ្រឿងមិនស្គាល់អត្តសញ្ញាណបើកពីអ្នកលឿងទៅភ្នំពេញបានបុកបណ្ដាលឱ្យស្លាប់ ហើយបើករត់គេចបាត់។ សាកសពបានយកទៅកប់ទុកដើម្បីស្វែងរកគ្រួសារនៃសពឱ្យមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖