ភ្នំពេញ ៖ លោកគួច សុភា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌសែនសុខបានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ខែមេសាឆ្នាំ២០២២នេះថា៖ ករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅមុខក្លិបកម្សាន្ត DOT ក្នុងខណ្ឌសែនសុខកាលពីយប់ថ្ងៃទី១៨ខែមេសានោះ ពេលនេះកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវនិងឃាត់ខ្លួនបានមនុស្សប្រុសស្រី០៦នាក់យកទៅសាកសួរកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្លិបកម្សាន្តយីហោ «DOT» ផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ លោកអធិការរងខណ្ឌបានបន្តឱ្យដឹងទៀតថា រហូតមកដល់ពេលនេះខាងជំនាញកំពុងតែសាកសួរដើម្បីឈានដល់ការឃាត់ខ្លួនជនដៃដល់ដែលជាអ្នកបាញ់បោះជាច្រើនគ្រាប់នោះ។ លោកអធិការរងបានបញ្ជាក់ថា មនុស្សប្រុសស្រីទាំង៦នាក់ដែលឃាត់ខ្លួននោះមិនមែនជាអ្នកប្រព្រឹត្តនោះទេគឺគ្រាន់តែពួកគេជាប់ពាក់ព័ន្ធចូលទៅរាំលេងក្នុងក្លិបនោះតែប៉ុណ្ណោះ។ បច្ចុប្បន្នកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខកំពុងតែធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនជនបង្កឱ្យខាងតែបានដើម្បីយកមកកាត់ទោសតាមច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា នៅក្នុងរថយន្ត ជនសង្ស័យមានកាតសម្គាល់ខ្លួនដែលមានឈ្មោះ សុខ បានអឺន ឋានន្តរស័ក្ដិ ពលបាលត្រី នៃកងឯកភាពកងពលតូចលេខ៧០ និងបណ្ណសម្គាល់កាំភ្លើងខ្លីសមូលភាព ម៉ាក BERETTA លេខ PZ 21162 ទៀតផង ។ នៅក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានថា តើជាករណីអ្វីឱ្យប្រាកដនោះនៅឡើយទេ។
សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ មានក្រុមជនសង្ស័យប្រុសស្រីមួយក្រុមបានចូលទៅផឹកស៊ី និងរាំលេងកម្សាន្តនៅក្នុងក្លិបកើតហេតុខាងលើ លុះពេលស្រវឹងរៀងៗខ្លួន ក៏ចេញមកក្រៅវិញ ហើយមិនដឹងថាតើក្រុមជនសង្ស័យនោះមានរឿងអ្វីនៅក្នុងក្លិបនោះទេបានជាពេលដើរមកដល់រថយន្តខ្លួនម៉ាក Landcruiser ពណ៌ស ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 2BC-9328 ក៏បានដកកាំភ្លើងខ្លីបាញ់មេឃជាច្រើនគ្រាប់ (ចន្លោះពី៦ទៅ៧គ្រាប់) បង្កឱ្យមានការភ្ញាក់ផ្អើល និងមានការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុគ្រប់ៗគ្នា។
ប្រភពដដែលបន្តថា បន្ទាប់ពីបង្កហេតុរួច ជនសង្ស័យក៏បានបើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។ ក្រោយពេលមានការភ្ញាក់ផ្អើល សមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌសែនសុខ បានចុះមកដល់ទីតាំងខាងលើដើម្បីធ្វើការត្រួតពិនិត្យ និងកំណត់អត្តសញ្ញាណតាមនីតិវិធីជំនាញ រួចក៏ត្រឡប់ទៅវិញអស់ទៅ។
ប្រភពដដែលបន្តទៀតថា លុះដល់យប់កើតហេតុ គឺនៅម៉ោង៣និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមេសា ជនបង្កខាងលើ និងបក្សពួកប្រុសស្រីបានត្រឡប់មកផឹកស៊ីក្នុងក្លិបកើតហេតុខាងលើនោះម្តងទៀត ទើបត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសចំនួន០២នាក់ និងស្រីចំនួន០៤នាក់ នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា