ក្រុមហង្សក្រហម Liverpool បន្តការប្រជែងដណ្តើមពាន Premier League របស់ខ្លួននៅកីឡដ្ឋាន Anfield នៅរាត្រីថ្ងៃអង្គារនេះទល់នឹងក្រុមបិសាចក្រហម Manchester United ដែលកំពុងសម្លឹងរកការផ្លាស់ប្តូរកន្លែងបច្ចុប្បន្នក្នុងក្របខ័ណ្ឌ Europa League សម្រាប់កន្លែងមួយនៅ Champions League រដូវកាលក្រោយ។
ក្រុម Liverpool កំពុងឈរនៅលេខរៀងទី២ មាន៧៣ពិន្ទុ តាមពីក្រោយក្រុមលេខ១ Manchester City ១ពិន្ទុ ខណៈដែលក្រុមលេខ៥ Manchester United ដែលជាក្លិបដំបូងគេនៅក្រៅតារាង Champions League មាន១៩ពិន្ទុតាមពីក្រោយក្រុមហង្សក្រហម ដោយនៅសល់៦ប្រកួតទៀត។ បច្ចុប្បន្នក្រុម Man Utd កំពុងឈរនៅលេងសម្រាប់ការប្រកួត Europa League ដែលក្រុមនេះមានពិន្ទុស្មើគ្នាជាមួយក្រុមលេខ៦ Arsenal។
Liverpool រកបាន១ពិន្ទុក្នុងការប្រកួត Premier League ចុងក្រោយរបស់ពួកគេ ដោយស្មើ ២–២ នៅកីឡដ្ឋាន Etihad ទល់នឹងក្រុម Manchester City បន្តការមិនស្គាល់ចាញ់របស់ពួកគេដល់១២ប្រកួត (ឈ្នះ១០ ស្មើ២)។ចំណែកក្រុម Manchester United បានយកឈ្នះ Norwich City ក្នុងលទ្ធផល ៣–២ នៅលើទឹកដីខ្លួនឯងក្នុងការប្រកួតលីគចុងក្រោយរបស់ពួកគេ។
គូប្រជែងដ៏ជូរចត់បានជួបគ្នាម្តងទៀត ខណៈដែល Liverpool សម្លឹងរកភាពជោគជ័យរបស់ពួកគេឡើងវិញពីជំនួប Premier League ចុងក្រោយ ដែលជាជ័យជម្នះ ៥–០ នៅ Old Trafford កាលពីខែតុលា។ ខ្សែប្រយុទ្ធ Mohamed Salah ពេលនោះបានដឹកនាំក្រុមហង្សក្រហមដោយស៊ុតបញ្ចូលទីនៅនាទីទី៣៨, នាទីទី៥០ និងនាទីទី៥១ ខណៈដែល Naby Keïtaនិង Diogo Jota ក៏រកបានម្នាក់១គ្រាប់ដែរ ។
ក្រុម Liverpool មានប្រៀបជាង Manchester United នៅចុងម៉ោង ដោយមិនស្គាល់ចាញ់សោះក្នុងការប្រកួត Premier League ៧លើកចុងក្រោយរបស់ពួកគេ (ឈ្នះ៤ ស្មើ៣) ខណៈដែលក្រុមបិសាចក្រហមManchester United កំពុងស្វែងរកការឈ្នះក្នុងលីគលើកដំបូងរបស់ពួកគេក្នុងការប្រកួតរវាងក្លិបទាំងពីរចាប់តាំងពីខែមីនា ឆ្នាំ២០១៨។ ហង្សក្រហមបានយកឈ្នះលើក្រុម Man United សរុប ១៥ទល់៤ក្នុងអំឡុងពេលនៃការប្រកួតមិនដែលចាញ់របស់ពួកគេ។
ខ្សែប្រយុទ្ធ Salah គឺជាកីឡាករសំខាន់សម្រាប់ Liverpool ក្នុងរដូវកាលនេះ ខ្សែប្រយុទ្ធរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមជាមួយនឹងគ្រាប់បាល់២០គ្រាប់ដោយមិនមានកីឡាករផ្សេងទៀតលើសគាត់ឡើយ។ ចំណែកខ្សែប្រយុទ្ធ Cristiano Ronaldo ជាកីឡាករដែលមានទម្រង់លេងល្អបំផុតសម្រាប់ Manchester United ដោយរកបាន១៥គ្រាប់ក្នុងនោះមាន៦គ្រាប់ក្នុងការប្រកួតបើកឆាក។ ខ្សែប្រយុទ្ធរូបនេះជាប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោមអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងលីគក្នុងឆ្នាំ ២០២១–២០២២នេះ។
ក្រុមម្ចាស់ផ្ទះ Liverpool មិនចាញ់ក្នុងការប្រកួតក្នុងផ្ទះ Premier League ក្នុងរដូវកាលនេះទេ ដោយឈ្នះ១២ដង និងស្មើ៣ដងពីការប្រកួតចំនួន១៥របស់ពួកគេនៅលើទឹកដីខ្លួនឯង។ ហង្សក្រហមកំពុងសម្លឹងមើលការបន្តការមិនស្គាល់ចាញ់ក្នុងផ្ទះចំនួន១៩ប្រកួត (ឈ្នះ១៥ ស្មើ៤)។ រីឯក្រុមManchester United ក្នុងការប្រកួតក្រៅផ្ទះ១៥ប្រកួតគឺចាញ់រហូតដល់៤ដង (ឈ្នះ៦ ស្មើ៥ ចាញ់៤) ។
ក្នុងការប្រកួតលីគ៦លើកចុងក្រោយរបស់Liverpool ឈ្នះ៥ និងស្មើ១ខណៈដែលក្រុម Manchester United ឈ្នះ២ ស្មើ២ និងចាញ់២ ក្នុង៦ប្រកួតចុងក្រោយដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)