ភ្នំពេញ៖ ទីតាំងបង្កប់ល្បែងឡូតូ និងភ្នាល់បាល់តាមប្រព័ន្ធអ៉ីនធេីណេត២៤ម៉ោង មួយកន្លែងស្ថិតនៅតាមផ្លូវលេខ២៧១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញកំពុងបើកលេងយ៉ាងរលូន និងផ្គើនជាមួយអាជ្ញាធរខណ្ឌចំការមន។
បេីយោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលេីនេះ បានឱ្យដឹងថា ទីតាំងបង្កប់ល្បែងឡូតូ និងភ្នាល់បាល់តាមប្រព័ន្ធអ៉ីនធេីណេត២៤ម៉ោងនេះ គឺលេងដូចជាកាស៊ីណូអញ្ចឹងដោយអ្នកញៀនល្បែងស៉ីសងខុសច្បាប់ទាំងអស់នោះ ចូលលេងយ៉ាងអាណាធិបតេយ្យទាំងថ្ងៃទាំងយប់ មិនខ្វល់ពីគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុខសុវត្ថិភាព ជាពិសេសគឺមិនខ្វល់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ខណៈរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ទប់ស្កាត់ការការពារ នៃការឆ្លងវីរុសកូវីដបំប្លែងខ្លួនអូមីក្រុងផងដែរ។
ប្រជាពលរដ្ឋ បានបន្តថា លោក សូ សំបាន ដែលជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ហេតុអ្វីមិនមានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន ឬមួយក៏ជាឆ្នាំងបាយរបស់គាត់..?
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន គួរតែមានវិធានការចំពោះទីតាំងនេះផង។
សូមជម្រាបថា កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឱ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។
គួររម្លឹកផងដែរថា សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕
ដោយ៖ ជីណា