ខេត្តកោះកុង៖ មានករណីចង.កធ្វើអត្តឃាតមួយបានកើតឡើងដោយជនរងគ្រោះយកខ្សែចងរបងចំនួន៤សរសៃពណ៌ខ្មៅទំហំ៥លី ប្រវែង១ម៉ែត្រកន្លះចងក.ជាមួយមែកដើមព្រីងបណ្ដាលឲ្យបាត់បង់ជីវិតបង្កការភ្ញាក់ផ្អើលទាំងព្រលប់។
ករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួននេះកើតឡើងនៅវេលាម៉ោង ៧និង ៣៥ នាទីយប់ថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០២២ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិខ្លុង ឃុំ- ស្រុក ស្រែអំបិល ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្រែអំបិលបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សូត្រ ឃីម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ទាក់ទិនការធ្វើអត្តឃាតខាងលើនេះបើតាមការបំភ្លឺរបស់លោក ហ៊ុន សូត្រ ត្រូវជាឪពុក ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុកូនប្រុសរបស់គាត់ម្នាក់នេះបានផឹកស្រាមួយយប់ដល់ភ្លឺ។ រហូតដល់ថ្ងៃទី១៨ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច កូនគាត់បានសុំគាត់យកស្នា នឹងពិលទៅឆ្លុះត្រីនៅខាងកើតផ្ទះគាត់ក៏បានឃាត់កុំឲ្យទៅឆ្លុះអី ប៉ុន្តែកូនគាត់មិនស្ដាប់ក៏ទៅឆ្លុះត្រីតែម្នាក់ឯងបាត់ទៅ។រហូតយប់បន្តិច(ម៉ោង៧និង៣០នាទីយប់)មិនឃើញត្រឡប់មកផ្ទះវិញ គាត់បានដើររកក៏បានឃើញកូនគាត់ចង.កស្លាប់ នៅមែកព្រីងចម្ងាយពីផ្ទះប្រហែល៦០០ម៉ែត្រ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានឲ្យបានជ្រាបក្នុងករណីនេះ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយទទួលព័ត៌មាននេះភ្លាមកម្លាំងនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យយ៉ាងយូរ ហើយក៏បានសន្និដ្ឋានថាជនរងគ្រោះពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន។ក្រោយមកសមត្ថកិច្ចជំនាញបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ប្រាថ្នា