ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារនិងអ្នកភូមិបន្ទាប់ពីបុរសម្នាក់បានរាយខ្សែភ្លើងហើយដើរទៅស្រះខាងក្រោយនៅផ្ទះដើម្បីឆក់ត្រី ប៉ុន្តែភ្លាត់ស្នៀតបណ្ដាលឲ្យឆក់ខ្លួនឯងហើយត្រូវបានជួយសង្គ្រោះតែអកុសលហួសពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៩ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ ឡុង សារ៉ាយ អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ។
តាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសខាងលើបានដើរទៅរៀបចំរាយខ្សែភ្លើងទៅស្រះខាងក្រោយផ្ទះដើម្បីគោលបំណងឆក់ត្រីទុកធ្វើម្ហូបពេលល្ងាចក្រោយមកប្រមាណ១០នាទីស្រាប់តែមានការភ្ញាក់ផ្អើលថាបានឆក់ខ្សែភ្លើងទើបបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិជួយសង្គ្រោះ តែអកុសលហួសពេលទៅហើយ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាមានមនុស្សឆក់ខ្សែភ្លើងសមត្ថកិច្ចស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានមកពិនិត្យសាកសពរួចសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែននិងបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕
ដោយ៖យឹម សុថាន