ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រា បានបើករថយន្តព្រូស បុកខឿនពុះចែកទ្រូងផ្លូវជាតិលេខ១រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តToyota Prius មួយគ្រឿងទាំងខ្លួនស្រវឹងស្រា ហើយមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវជាតិលេខ១ បណ្ដាលឲ្យរថយន្តបែកកង់ និងយ៉ាន់ខូចខាតយ៉ាងដំណំ ដោយបង្កការកកស្ទះចរាចរណ៍ដល់អ្នកដំណើរកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះ គេឃើញរថយន្តបង្កម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-5074 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកឆ្វេងដៃជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបែកកង់ និងបែកយ៉ាន់មុខផ្នែកខាងឆ្វេងអូសជាង២០ម៉ែត្រទើបទៅមុខលែងរួច ចំណែកខឿនទ្រូងផ្លូវខូចខាតបន្តិចបន្តួចប៉ុណ្ណោះ តែក៏សំណាងល្អដែរមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។

     ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញបុរសម្នាក់ដែលជាតៃកុងរថយន្តបង្កបានចុះពីរថយន្តទាំងសភាពស្រវឹងស្រា ។ បន្ទាប់មកក៏មានការកកស្ទះចរាចរណ៍ដល់អ្នកដំណើរមួយសន្ទុះធំផងដែរ ទើបសមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្រួលចរាចរណ៍ និងស្ទូចយករថយន្តបង្ក នាំទាំងតៃកុងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីដោះស្រាយតាមនីតិវិធី ៕

ដោយ ៖ ជីម ភារ៉ា


ចែករំលែក៖