ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវនគរបាលខណ្ឌមានជ័យធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីលួច (ផ្លោះរបងផ្ទះចូលលួចយកទ្រព្យសម្បត្តិ)

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ពាក់ព័ន្ធករណីលួចផ្លោះរបងផ្ទះចូលយកទ្រព្យសម្បត្តិ កាលពីវេលាម៉ោង៣ៈ០០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់យីហោ មីនីសឡា (ចាក់សោទុកចោល)ផ្លូវលេខ៣៧១សឡា ភូមិ មានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

     យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ៣ៈ០០នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានធ្វើការល្បាតក្នុងមូលដ្ឋាន។ ពេលមកដល់ចំណុចផ្ទះសំណាក់យីហោ មីនីសឡា (ចាក់សោទុកចោល)ផ្លូវលេខ៣៧១សឡា ភូមិ មានជ័យ សង្កាត់ស្ទឹងមានជ័យទី១ (កន្លែងកើតហេតុ) ក៏ប្រទះឃើញជនសង្ស័យចំនួន២នាក់ឈ្មោះ អ៊ូច កក្កដា ហៅ ដា ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ គក់ ភេទប្រុស អាយុ៣២ឆ្នាំ បានផ្លោះរបងចូលក្នុងផ្ទះសំណាក់យីហោ មីនីសឡា លួចដោះយកក្បាលម៉ាស៊ីនត្រជាក់ម៉ាកប៉ាណាសូនិចចំនួន៦គ្រឿង កង្ហារចាប់ជាប់ជញ្ជាំងម៉ាក ហាតារី ចំនួន ០១គ្រឿង ឆ្នាំងដាំបាយអគ្គិសនីចំនួន ០១គ្រឿង និងធុង CPU ម៉ាក TPC ចំនួន ០១គ្រឿង កាមេរ៉ាសុវត្ថិភាពចំនួន០១ ជើងឆ្នាំងទឹកក្តៅអគ្គិសនី០៥។ ពេលឃើញដូច្នេះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានឃាត់ជនសង្ស័យម្នាក់ឈ្មោះ អ៊ូច កក្កដា ហៅ ដា យកមកស្នាក់ការប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរ ចំណែកបក្ខពួកឈ្មោះ គក់ បានរត់គេចខ្លួនបាត់។ ខណៈនោះកម្លាំងសមត្ថកិច្ចយើងឃើញមានលេខទូរស័ព្ទដៃរបស់មេការផ្ទះសំណាក់យីហោ មីនីសឡា បិទលើជញ្ជាំងក៏បានទំនាក់ទំនងទៅប្រាប់រឿងហេតុខាងលើ។  បន្ទាប់មកឈ្មោះ ឡេង ស្រែន ភេទប្រុស អាយុ៣៨ឆ្នាំ (មេការផ្ទះសំណាក់) បានមកដល់ដាក់ពាក្យបណ្តឹងឲ្យសមត្តកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ចាត់ការតាមច្បាប់ ។

    ក្នុងរបាយការណ៍បានបញ្ជាក់ថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ អ៊ូច កក្កដា ហៅ ដា ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនិងមុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ឡេង ស្រែន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១១ ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មេការផ្ទះសំណាក់ មីនីសឡា ។

      វត្ថុតាងចាប់យក : ក្បាលម៉ាស៊ីនត្រជាក់ម៉ាក ប៉ាណាសូនិច ចំនួន ០៦ គ្រឿង កង្ហារចាប់ជាប់ជញ្ជាំងម៉ាកហាតារី ចំនួន០១គ្រឿង ឆ្នាំងដាំបាយអគ្គិសនី ចំនួន០១គ្រឿង ធុង CPU ម៉ាកTPC ចំនួន០១គ្រឿង កាមេរ៉ាសុវត្ថិភាពចំនួន ០១ ជើងឆ្នាំងទឹកក្តៅអគ្គិសនី០៥ (របស់ជនរងគ្រោះ) និងដង្កាប់ដែកចំនួន០២ ទួណឺវីសដងជ័រចំនួន០១ កាំបិតបុ័ងតោចំនួន០១ (របស់ជនសង្ស័យ) ។

     បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖