ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី ក.ប.ប. បន្តរកឃើញដេប៉ូលក់ប្រេងឥន្ធនៈមិនសុចរិត​ និងដកហូតទំនិញខូចគុណភាពពីទីផ្សារមួយចំនួ​ន

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងថា​៖​ មន្ត្រីស៊ើបអង្កេត ក.ប.ប. ខេត្តរតនគិរី ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តស្វាយរៀង រាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពតាមបណ្តាស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។ 

ជាក់ស្ដែង​រកឃើញដេប៉ូលក់ប្រេងឥន្ធនៈមិនសុចរិតចំនួន ៨ទីតាំង ក្នុងចំណោមស្ថានីយ​និងដេប៉ូ ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី និងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រុងព្រះសីហនុ ស្រុករមាសហែកនិងស្រុករំដួល ស្រុកជល់គិរី ស្រុកកំពង់ត្រឡាចនិងស្រុកសាមគ្គីមានជ័យ និងរាជធានីភ្នំពេញចំនួន៣១ ដែលបានត្រួតពិនិត្យ។ ចំណែក​ចំពោះម្ចាស់ដេប៉ូដែលត្រូវបានរកឃើញភាពមិនអនុលោម បានទទួលការពិន័យអន្តរការណ៍ពីមន្ត្រីជំនាញផងដែរ។ 

ជាមួយគ្នានោះ​ នៅថ្ងៃដដែល​ មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ខេត្តកោះកុង និងខេត្តព្រះសីហនុ​ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដែលត្រូវបានផ្តល់អាណត្តិដោយច្បាប់បានចុះអនុវត្តភារកិច្ចរបស់ខ្លួនក្នុងការគាំពារសុខភាពប្រជាពលរដ្ឋ ដោយបានធ្វើការត្រួតពិនិត្យទំនិញវេចខ្ចប់ស្រេច គ្រឿងឧបភោគបរិភោគនៅតាមផ្សារ ម៉ាត ផ្ទះចែកចាយបោះដុំទំនិញនានា ស្ថិតក្នុងភូមិសាស្ត្រនៃខេត្តទាំងបីខាងលើ។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ មន្ត្រីជំនាញ​បានរកឃើញ ក៏ដូចជាដកហូតនូវទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព សរុបចំនួន ១៥៦,០៨គក។ ទំនិញមិនអនុលោមទាំងនោះត្រូវបានយកមករក្សាទុកដើម្បីកម្ទេចចោលតាមនីតិវិធី ទន្ទឹមនឹងនោះមន្ត្រីជំនាញ​ បានអនុវត្តនីតិវិធីពិន័យអន្តរការណ៍ចំពោះអាជីវករដែលមានកំហុសឆ្គង ដើម្បីជាការអប់រំជៀសវាងបន្តដាក់លក់ទំនិញមិនមានអនុលោមភាពតទៅទៀត៕

ដោយ​៖សហការី​


ចែករំលែក៖