ភ្នំពេញ៖ ទូកុងតឺន័រមួយដែលផ្ទុកដោយអីវ៉ាន់ចម្រុះច្រើនមុខមកពីប្រទេសចិន បន្ទាប់ពីស្ទូចដាក់ចុះពីលើរថយន្តទុកនៅក្នុងផែស្ងួតបានរយៈពេលជាង៣ម៉ោងមកស្រាប់តែត្រូវព្រះអគ្គីឆាបឆេះដោយពុំដឹងពីមូលហេតុឡើយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីម៉ោង៦និង៣០នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅក្នុងផែស្ងួតហុង ឡេងហួរ ភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ទូកុងតឺន័រមួយនេះផ្ទុកទៅដោយអីវ៉ាន់ចម្រុះជាច្រើនមុខដូចជាគ្រឿងជ័រប្លាស្ទិក ម៉ូទ័របូមខ្យល់ គ្រឿងអេឡិចត្រូនិក និងសម្ភារច្រើនមុខទៀតដែលទើបនឹងនាំចូលពីប្រទេសចិនតាមច្រកកំពង់ផែខេត្តព្រះសីហនុ។ បន្ទាប់មកបានដឹកតាមរថយន្តមកទម្លាក់ចុះនៅក្នុងផែស្ងួតហុង ឡេងហួរនេះកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃកើតហេតុខាងលើនេះប៉ុណ្ណោះ ក៏ស្រាប់តែជួបនូវហេតុការណ៍ភ្លើងឆេះបែបនេះតែម្ដង។
ប្រភពដដែលបាននិយាយទៀតថា នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃកើតហេតុ កម្មករនៅក្នុងផែស្ងួតខាងលើបានដើរទៅបត់ជើងកាត់តាមនោះស្រាប់តែប្រទះឃើញមានផ្សែងហុយចេញពីក្នុងទូកុងតឺន័រមួយនេះទើបមានការភ្ញាក់ផ្អើលតែម្តង។ បន្ទាប់មកក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ទៅបាញ់ពន្លត់តែមិនរលត់ ទើបរាយការណ៍ជូនអាជ្ញាធរដើម្បីសុំរថយន្តពន្លត់អគ្គិភ័យទៅជួយ។ពេលនោះរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌកំបូល១គ្រឿងនិងរថយន្តពន្ល់អគ្គិភ័យអង្គភាព៧១១កងពលតូចលេខ៧០ចំនួន២គ្រឿងបានចេញទៅធ្វើអន្តរាគមន៍បាញ់ពន្លត់ ហើយក៏បានបើកទ្វារទូកុងតឺន័រនិងយកគ្រឿងចក្រទៅស្ទូចលើកបំបះចាក់អីវ៉ាន់ចេញពីទូកុងតឺន័រដើម្បីងាយស្រួលក្នុងការបាញ់ពន្លត់ផងដែរ៕
ដោយ៖សុខាសែនជ័យ