ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានហេីយរត់មិនរួចពីសមត្ថកិច្ចស្រុកបាទី

ចែករំលែក៖

ខេត្តតាកែវ៖​ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូប្រជាពលរដ្ឋកាលពីវេលាម៉ោង ១០ និង ៤០ នាទីព្រឹក ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២ នៅផ្លូវជាតិលេខ២ស្ថិតក្នុងភូមិតានប់ ឃុំចំបក់ ស្រុកបាទីខេត្តតាកែវ ។ 

ជនរងគ្រោះឈ្មោះ ប៉ិច សុខអាត ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មេការការដ្ឋានធ្វើផ្លូវ មានទីលំនៅភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ម៉ូតូដែលជនសង្ស័យលួចនោះម៉ាកC១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ស្លាកលេខ តាកែវ 1S-5934 ។ 

ចំណែកជនសង្ស័យទាំង ០២ នាក់ ១/.ឈ្មោះ សាយ រតនា ហៅ ម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ២/.ឈ្មោះ សុខ ឌីណា ហៅចិន មានទីលំនៅភូមិឬស្សីទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅចំណុចភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ 

      សមត្ថកិច្ចបានឲ្យដឹងថា​  ក្រោយទទួលបានព័ត៌មានកំលាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ និង ពត់សរ បានធ្វើការពួនស្ទាក់គ្រប់ច្រកល្ហក រហូតប្រទះឃើញជនសង្ស័យ ម្នាក់ជិះម៉ូតូជនរងគ្រោះ ភិនភាគខាងលើ នៅចំណុចភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ កម្លាំងក៏បានដេញតាមពីក្រោយ បន្ទាប់មកជនសង្ស័យក៏បានផ្តួលម៉ូតូជនរងគ្រោះចោល រួចឡើងជិះម៉ូតូបក្ខពួកគេចខ្លួនបន្ត។

​ ដោយមានការចង្អុលបង្ហាញ ពី លោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង បញ្ជាផ្ទាល់ ពី លោក វរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី   បានសហការជាមួយ កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រះពុទ្ធ កំលាំងអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលទេីបឃាត់ខ្លួនបានតែម្តងនិង ម៉ូតូ១គ្រឿង ម៉ាកហុងដាC១២៥ ពណ៌ខ្មៅ​ លាយពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1C-7288 របស់ជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖