ព័ត៌មានទាន់ហេតុការណ៍៖

តុលាការផ្តន្ទាទោសបុរសម្នាក់ ដាក់ពន្ធនាគារ២ឆ្នាំ៦ខែរឿងរំលោភលើទំនុកចិត្ត ទិញបុរី លុយ៧ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមេសាឆ្នាំ២០២២ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ អួង សុភ័ក្រ ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត ឃុំក្រោម ស្រុកអង្គរជ័យ ខេត្តកំពត  និងមានទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ១១បេ ផ្លូវលេខ៣១បេតេ ភូមិសន្សំកុសល២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់២ឆ្នាំ៦ខែ និងបង្គាប់ឱ្យសងលុយទៅដើមបណ្ដឹងចំនួន៧ម៉ឺនដុល្លារ និងជំងឺចិត្ត៥លានរៀល ក្រោមការចោទប្រកាន់ពីបទ. រំលោភលើទំនុកចិត្តប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០១៧ ។

សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក យ៉ាន សុភាព កាលពីល្ងាចថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទម្នាក់ឈ្មោះ អួង សុភ័ក្រ ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារព្រៃស(ម១) ជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ. រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០១៧ ។

យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា អង្គហេតុដែលនាំឲ្យមានការឃុំខ្លួនជនត្រូវចោទនេះ គឺជនជាប់ចោទបានតាំងខ្លួនថាជាអ្នកលក់បុរី ហើយពេលនោះជនរងគ្រោះក៏បានទាក់ទងទិញបុរីពីជនជាប់ចោទ ក្រោយពេលជនរងគ្រោះបានប្រគល់លុយមួយចំនួនឲ្យទៅជនជាប់ចោទ។ ហើយបានមួយរយៈជនជាប់ចោទបានទំនាក់ទំនងទៅជនរងគ្រោះដោយបានប្រាប់ថាបុរីឲ្យបង់ប្រាក់ទាំងអស់ដើម្បីបានប្លង់ ពេលនោះជនរងគ្រោះក៏បានប្រគល់ប្រាក់ឲ្យទៅជនជាប់ចោទ។ ហើយជនជាប់ចោទបានឲ្យជនរងគ្រោះផ្តិតមេដៃគ្រប់ឯកសារ តែពេលក្រោយមកបែរជាខាងបុរីប្តឹងជនរងគ្រោះឲ្យបង់លុយថ្លៃបុរី ដោយសារតែខាងបុរីប្តឹងជនរងគ្រោះនេះហើយទើបជនរងគ្រោះដឹងថាខ្លួនចាញ់បោកឈ្មោះ អួង សុភ័ក្រ ទើបជនរងគ្រោះមកដាក់ពាក្យប្តឹងនៅតុលាការរហូតដល់មានការសម្រេចឃុំខ្លួនជនជាប់ចោទខាងលើនេះដាក់ពន្ធនាគារបណ្តោះអាសន្ន៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖