ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួល លោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។
សូមរម្លឹកថា, កាលពីមិនទាន់ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជាផងដែរ ។ ក្នុងនោះសូមបញ្ជាក់ថា,
នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យ លោក បូរកែវ ភូមិវង់សាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព។
លោក បូរកែវ ភូមិវង់សាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ ដែលបានចំណាយពេលវេលាដ៏មានអ្នកទទួលជួបលោក។
លោក ភូមិវង់សាយ បានគោរពនាំនូវការសួរសុខទុក្ខពីលោកនាយករដ្ឋមន្ត្រី ពីលោកប្រធានាធិបតី ជូនចំពោះសម្ដេចតេជោ ហើយក៏បានគោរពថ្លែងអំណរគុណចំពោះប្រជាជន រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយរដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការឧបត្ថម្ភជាសម្ភារៈ វ៉ាក់សាំង រថយន្តដឹកជញ្ជូនវ៉ាក់សាំង ថែមទាំងថវិកាទៀតផង។ លោក ភូមិវង់សាយ ក៏បានគោរពប្ដេជ្ញាជូនចំពោះសម្ដេចតេជោថា ក្នុងបេសកកម្មជាអ្នកការទូតនៅព្រះរាជាណាចក្រកម្ពុជា លោក នឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែកើនឡើងមួយកម្រិតទៀត ឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អដែលមានស្រាប់។
ជាការឆ្លើយតប សម្តេចតេជោ បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោក ភូមិវង់សាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេច បានឯកភាពជាមួយការលើកឡើងរបស់លោក ភូមិវង់សាយ ទាក់ទងនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានមានប្រសាសន៍ថា យើងពិតជាមានទំនាក់ទំនងពិសេស ដោយសារកត្តាប្រវត្តិសាស្ត្របន្សល់ទុកឲ្យយើង បានបន្តរហូតមកដល់ពេលនេះ អនុញ្ញាតឲ្យយើងបន្តពង្រឹងពង្រីកជារៀងរហូតមក ហើយពេលនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងកាន់តែខ្លាំង។
សម្តេចតេជោបានជម្រាបជូនឯកឧត្តមអគ្គរដ្ឋទូត អំពីការអនុញ្ញាតឲ្យមានជម្រើសមិនប្រើម៉ាស នោះគឺខេត្ត៣ នៅជាប់ព្រំប្រទល់ឡាវ មានភាពល្អប្រសើរឡើងវិញ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងន័យនេះ សម្ដេចតេជោ បានស្នើសុំឲ្យលោក ភូមិវង់សាយ ពិនិត្យជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែន និងពិនិត្យមើលជំរុញពាណិជ្ជកម្មតាមសក្ដានុពលដទៃទៀត ដែលអាចធ្វើបាន ជាពិសេស ក្នុងកាលៈទេសៈកូវីដ-១៩ នេះ។
ជាចុងក្រោយ សម្ដេចតេជោ បានយកឱកាសនេះ ជូនពរឆ្នាំថ្មីដល់ឯកឧត្តម ភូមិវង់សាយ និងជូនពរឯកឧត្តម បំពេញបេសកកម្មកាទូតនៅកម្ពុជា ទទួលបានជោគជ័យ៕
ដោយ ៖ សិលា