អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានអះអាងពីជ័យជម្នះក្នុងសមរភូមិសង្គ្រាមដ៏ធំបំផុតនៅប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែមេសាម្សិលមិញនេះ ដោយអះអាងថា ទីក្រុងកំពង់ផែ Mariupol ត្រូវដណ្ដើមបានបន្ទាប់ពីការឡោមព័ទ្ធជិត២ខែ។ ចំណែកក្រសួងការបរទេសអាមេរិកវិញបាននិយាយថា ខ្លួនយល់ថា កងកម្លាំងអ៊ុយក្រែន នៅតែបន្តការវាយប្រយុទ្ធដណ្ដើមដែនដីរបស់ពួកគេមកវិញនៅក្នុងទីក្រុង Mariupol។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានច្រានចោលពីការប្រកាសជ័យជម្នះរបស់លោកពូទីន លើទីក្រុង Mariupol។
យ៉ាងណាមិញ ក្រុមយុទ្ធជនអ៊ុយក្រែន និងជនស៊ីវិលរាប់រយនាក់នៅតែកំពុងលាក់ខ្លួននៅក្នុងលេណដ្ឋានរាប់សិបកន្លែងក្នុងរោងចក្រដែកថែបដ៏ធំ។ លោក ពូទីន បានបញ្ជាឱ្យទាហានរបស់លោកបិទច្រកបរិវេណនោះ ដូច្នេះពួកគេនឹងមិនអាចគេចខ្លួនបានទេសូម្បីតែរុយមួយក្បាលក៏ដោយ។ អ៊ុយក្រែននិយាយថា លោក ពូទីន ចង់បញ្ចៀសការប៉ះទង្គិចចុងក្រោយជាមួយកងកម្លាំងរបស់ខ្លួនក្នុងទីក្រុងនេះ ដោយសារតែលោកខ្វះកម្លាំងវាយផ្ដួលពួកគេ។
ដោយឡែកបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន New York Times នៅថ្ងៃសុក្រទី២២ ខែមេសា ឆ្នាំ២០២២នេះថា៖ ក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ជឿជាក់ថា ក្នុងរយៈពេល ៤សប្ដាហ៍ខាងមុខ នឹងកំណត់ជោគជ័យនៃសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ព្រមទាំងផែនទីអឺរ៉ុប ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ។
បើតាមក្រុមមន្ត្រីអាមេរិកជាន់ខ្ពស់ខាងលើ បច្ចុប្បន្នគឺជាពេលដ៏សំខាន់ដែលត្រូវប្រញាប់បញ្ជូនអាវុធបន្ថែមដល់អ៊ុយក្រែនឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសគឺប្រភេទអាវុធធុនធ្ងន់ ដូចជាកាំភ្លើងបាញ់រយៈចម្ងាយឆ្ងាយ និងប្រព័ន្ធរ៉ាដាប្រឆាំងកាំភ្លើងធំ។
ដោយឡែក ពាក់ព័ន្ធនឹងការបញ្ជូនអាវុធនេះដែរ, ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសផ្ដល់ជំនួយយោធា ៨០០លានដុល្លារបន្ថែមឱ្យអ៊ុយក្រែន ដែលជាកញ្ចប់ជំនួយយោធាទី២ ក្នុងរយៈពេលមួយសប្ដាហ៍។ បន្ថែមពីលើនេះ លោក បៃឌិន ក៏បានសង្កត់ធ្ងន់ដែរថា ជំនួយយោធារបស់អាមេរិក គឺជាសារមួយបញ្ជូនទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ឱ្យដឹងថា រុស្ស៉ីនឹងមិនអាចទទួលបានជោគជ័យក្នុងការគ្រប់គ្រងអ៊ុយក្រែនទាំងមូលឡើយ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីជាន់ខ្ពស់មកពីក្រសួងការពារជាតិអាមេរិក ក៏បានព្រមានដែរថា សម្រាប់លោក ពូទីន មិនមែនត្រឹមចង់បានតែតំបន់ដុនបាស់ប៉ុណ្ណោះទេ ប៉ុន្តែលោកចង់បានអ៊ុយក្រែនទាំងមូល បើទោះជាមូស្គូធ្លាប់បានអះអាងថាខ្លួនមិនមានបំណងកាន់កាប់អ៊ុយក្រែនក៏ដោយ៕
ដោយ៖ស តារា(រូបថត៖RT)