ខេត្តស្វាយរៀង ៖ បុរសជាកម្មកររោងចក្រម្នាក់ខណ:ស្រវឹងស្រាជោកជាំបានចុះហែលទឹកស្រះលេងជាមួយស្ត្រីដែលផឹកស៊ីជាមួយគ្នាបណ្ដាលឱ្យលង់ស្លាប់ម្នាក់និងសង្គ្រោះទាន់ពេលម្នាក់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទួលអម្ពិល សង្កាត់ច្រកម្ទេស ក្រុងបាវិតរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៤និង១០នាទីរសៀល។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ប៉ាង សំណាង អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទ៍ ខេត្តស្ខាយរៀង ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសខាងលើបានផឹកស៊ីជាមួយមិត្តភក្តិជាច្រើននាក់រហូតដល់ស្រវឹងហើយក៏នឹកចង់ហែលទឹកលេងនៅក្នុងស្រះ។
ប្រភពបន្តថា ក្រោយមកបុរសឈ្មោះ ប៉ាង សំណាង ក៏ចុះទៅហែលទឹកស្រះទាំងអាការស្រវឹងជាមួយស្ត្រីម្នាក់ដែលផឹកស៊ីជាមួយគ្នា ខណៈនោះស្រាប់តែលង់ទឹកបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិមកជួយធ្វើអន្តរាគមន៍ ហើយលោតចុះទៅជួយសង្គ្រោះស្ត្រីរងគ្រោះទាន់ចេញពីក្នុងស្រះ ប៉ុន្តែបុរសដែលស្រវឹងស្រានោះមិនអាចជួយទាន់ពេលបាន គឺបានត្រឹមតែសោកស្ដាយប៉ុណ្ណោះ។
រហូតមកដល់ព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០២២ទើបរកឃើញសាកសពបុរសខាងលើ ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឱ្យគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន