ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកេង និងខណ្ឌចំការមន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញសំណេះសំណាល និងចែកនូវសម្ភារមួយចំនួនដើម្បីការពារជំងឺកូវីដ-១៩ ជូនដល់គ្រួសារបក្សសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបាន មីចំនួន ១កេស, ត្រីខកំប៉ុងចំនួន១យួរ, ម៉ាស់, អាល់កុល និងថវិកាចំនួន២០ ០០០រៀល និងបានឧបត្ថម្ភដល់បេក្ខជនពេញសិទ្ធិក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ និងយុវជនគណបក្សសង្កាត់នូវថវិកាក្នុងម្នាក់ៗចំនួន៥០,០០០រៀល។
លោកប្រធាន បានក្រើនរំលឹកដល់គ្រួសារបក្ស ដែលបានចូលរួមក្នុងឱកាសនេះ សូមបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព, បន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, ត្រូវរៀនរស់ជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី, សម្រាប់បងប្អូនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញទី៣ ឬក៏ទី៤ សូមប្រញាប់ទៅចាក់ឲ្យបានគ្រប់ៗគ្នា ដើម្បីស៊ាំមសហគមន៍របស់យើងឲ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសអនុវត្តវិធានការ ៣ ការពារ ៣ កុំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
ស្ថិតក្នុងឱកាសនោះដែរ លោកបណ្ឌិត អ៉ិត សំហេង ក៏បានជំរុញឲ្យសមាជិកបក្សទាំងអស់គ្នា អញ្ជើញទៅបោះឆោ្នតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ដោយបោះឆ្នោតជូនគណបក្សយើងឲ្យទទួលបានជោគជ័យ ដើម្បីក្រុមប្រឹក្សាសង្កាត់របស់យើងមានលទ្ធភាពដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធ រក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបន្តទៀត៕
ដោយ៖ស តារា