ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ឌី​ រ័ត្ន​ខេមរុណ​ ចុះជួបសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅភូមិចំរើនផល និង ចំរើនផល ២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១  នៅវេលាម៉ោង ៨ព្រឹកថ្ងៃ សៅរិ៍ ៧រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន ២១០នាក់ ស្ថិតនៅភូមិចំរើនផល និង ភូមិចំរើនផល២​ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ក្នុងនោះដែរភូមិចំរើនផល ១០០នាក់ និងភូមិចំរើនផល២​ ចំនួន​១១០នាក់។ 

ក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកាបក្ស នេះដែរក៍មានការចូលរួមពី លោក លោកស្រី អនុប្រធានក្រុមការងារ និង ប្រធានគណបក្សសង្កាត់ មេភូមិ សមាជិក សមាជិកា គណបក្សសង្កាត់បឹងទំពន់ទី១ 

ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ បានមានមតិស្វាគមន៍ និងបាន សំណេះសំណាល ក៍ដូចជាការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន  ជូនដល់សមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនាពេលនេះផងដែរ ។

បន្ទាប់មក លោក ឌី  រ័ត្នខេមរុណ បានលើកឡើងពី  វឌ្ឍនភាព ការអភិវឌ្ឍន៍ និង សន្តិភាព និង សមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន  ដែលកំពង់ទទួលបាននាពេលបច្ចុប្បន្ន និង សមិទ្ធិផល ជាច្រើន ដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និង មាន ចក្ខុវិស័យវែងឆ្ងាយក្នុងការគិតគូប្រទេសជាតិ និង ជួយសង្រ្គោះ អាយុជីវិត ប្រជាជនកម្ពុជាតាំងពីដើមរៀងមក​និង​ ពេលបច្ចុប្បន្ន តាមរយះការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និង​ ផ្តល់វ៉ាក់សាំងជូនបនរជាពលរដ្ឋទូទាំងប្រទេស ។ 

ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ បានអំពាវនាវឱ្យគ្រប់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងអស់ ជាពិសេស ប្រធានគណបក្សសង្កាត់ ត្រូវពិនិត្យផ្ទៃក្នុងគណបក្ស សាមគ្គីផ្ទៃក្នុងអោយបានល្អប្រសើរ ត្រូវ ត្រៀមខ្លួន ត្រៀមលក្ខណៈ ឱ្យបានគ្រប់គ្រាន់ សម្រាប់ការចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះដែលជិតចូលមកដល់ ។

ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ  បានបញ្ជាក់បន្ថែមថា គ្រប់សមាជិក សមាជិកា បក្ស ទាំងអស់ ត្រូវប្តេជ្ញាចិត្តចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាព វិបុលភាព និង ការអភិវឌ្ឍន៍ ឲ្យស្ថិតស្ថេរគង់វង្ស ជារៀងរហូត ទើបយើងអាចបន្តជួបជុំក្រុមគ្រួសារ និង បន្តមើលឃើញពីការអភិវឌ្ឍន៍គ្រប់វិស័យរបស់គណបក្សប្រជាជនយើងទៀត។ និងសូមប្រឆាំងដាច់ខាតរាល់ឧបាយកលជនទុច្ចរិតរបស់ពួកអគតិដែលមានបំណងបំផ្លាញសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍន៍ និង ការបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅកម្ពុជាយើង ។

ក្រោយពីពិធីសំណេះសំណាលនេះរួច លោក ឌី  រ័ត្នខេមរុណ បាននាំយកថវិកា ក្រុមការងារជូនដល់សមាជិក សមាជិកា  គណបក្ស ចំនួន ២១០នាក់ ក្នុង១ម្នាក់ ២០,០០០ រៀលផងដែរ ៕

ដោយ៖ស តារា


ចែករំលែក៖