ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៤​ ខែមេសានេះ​ កើតឡើង​៧​លើក​ ស្លាប់​និង​របួស​ ១១​នាក់​ !!!

ចែករំលែក៖

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​ ​បានឱ្យដឹងថា​៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ចំនួន​ ៣​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ៦​នាក់​(​ស្រី​២​នាក់​)​ ។ ដូច្នេះ​សូម​បងប្អូនប្រជាពលរដ្ឋធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​

​ជាក់ស្ដែង​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖​ គ្រោះថ្នាក់​ដែល​បង្ក​ឱ្យ​​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​១១​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ៧​លើក​។ 

ជាមួយគ្នានេះ​ ​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២២​ បានឱ្យដឹង​ថា៖​ ចំនួន​គោលដៅ​សរុប​ ១២៨​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៣.១៦៦​គ្រឿង​ ម៉ូតូ​ ២.២៨៣​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ យានយន្ត​ល្មើស​សរុប​ចំនួន​ ៥១៣​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៤២៥​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​ដោយឡែក​ក្នុង​រយៈពេល​២៤​ថ្ងៃ​(​ថ្ងៃ​ទី​០១-២៤​ខែមេសា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ យានយន្ត​ចូល​គោលដៅ​មាន​ចំនួន​ ៨៤.៦៨០​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ១០.៩៥០​គ្រឿង​ ម៉ូតូ​មាន​ចំនួន​ ៨.៧៧៤​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​២៤​ថ្ងៃ​នៃ​ខែមេសា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​៕ដោយ​៖ស​ តារា

​រូបថត៖ឯកសារ


ចែករំលែក៖