ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្តបន្ទាយមានជ័យ​ បន្តឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ជិត​១០០​នាក់​បម្រុង​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ

ចែករំលែក៖

​ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ បេី​យោង​តាមការបញ្ជាក់ពី​លោក​វរសេនីយ៍ឯក​ សួង​ សៅ​ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ បាន​ឱ្យ​​ដឹង​នៅ​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២២​នេះ​ថា​៖​ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដែល​តែង​ដាក់​ចេញ​នូវ​បទបញ្ជា​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លង​ដែន​ខុសច្បាប់​ ដូច​ជា​បទល្មើស​សេដ្ឋកិច្ច​ បទ​ល្មើ​ស្រឿង​ញៀន​ និង​ប្រជាពលរដ្ឋ​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ជិតខាង​ដោយ​ខុសច្បាប់​ ។​

​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ បានឱ្យដឹងទៀតថា​ ជាក់ស្តែង​កាលពីវេលា​ម៉ាង​ ៤រសៀល​ថ្ងៃ​ទី​២៣​ ខែមេសា​ម្សិលមិញនេះ​​ លោក​ អមដំណើរ​ដោយ​លោក​វរសេនីយ៍ទោ​ មាស​ ម៉េ​ង​ហួង​ មេបញ្ជាការ​រង​ វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​ការពារ​ព្រំដែន​ចំបក់​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹង​បេង​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​ បាន​ធ្វើការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ​ បម្រុង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ ចំនួន​៩៥​នាក់​ ត្រង់​ចំណុច​មាត់​អូរ​ព្រំដែន​ ស្ថិត​ក្នុងភូមិ​ល្វា​ ឃុំ​ បឹង​បេង​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ឯក​ សួង​ សៅ​ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២២​នេះ​ថា​៖​ប្រជាពលរដ្ឋ​ដែល​បម្រុង​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ ហើយ​ត្រូវ​ទប់ស្កាត់​ សរុប​ចំនួន​៩៥​នាក់​ (​ស្រី​៣៩​នាក់​ កុមារ​១១​នាក់​ )​មក​ពី​១០​ខេត្ត​មាន​៖១/-​បន្ទាយ​មាន​ជ័យ​ចំនួន​២១​នាក់​,២/-​សៀ​បរាប​ចំនួន​២៩​នាក់​,៣/-​បាត់ដំបង​ចំនួន​១៣​នាក់​,៤/-​ឧត្ត​មាន​ជ័យ​ចំនួន​០៥​នាក់​,៥/-​កំពង់ធំ​ចំនួន​០២​នាក់​,៦/-​កំពត​ចំនួន​០៨​នាក់​,៧/-​ព្រៃវែង​ចំនួន​១០​នាក់​,៨/-​តាកែវ​ចំនួន​០៣​នាក់​,៩/-​ស្វាយ​រៀង​ចំនួន​០៣​នាក់​និង​១០/-​ត្បូងឃ្មុំ​ ០១​នាក់​។​

​លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​បន្ទាប់​ពី​ធ្វើការ​សួរនាំ​និង​ធ្វើ​កិច្ចសន្យា​រួច​ បាន​ប្រគល់​ពួក​គាត់​ជូន​ផ្នែក​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ ។​

​ទាក់ទង​នឹង​ប្រជាពលរដ្ឋ​ដែល​បម្រុង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ទាំង​៩៥​នាក់​នេះ​ដែរ​ លោក​វរសេនីយ៍ឯក​ បេន​ សំអាត​ អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​ បាន​បញ្ជាក់​ថា​ តាម​បទបញ្ជា​របស់លោក​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្តបន្ទាយមានជ័យ​ តាម​រយៈ​ លោក​ ស្វាយ​ ជា​ អភិបាលស្រុក​ម៉ា​ឡៃ​ បាន​ឲ្យ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​ធ្វើការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​រួច​ ឲ្យ​ពួ​គាត់​វិល​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​ស្រុក​កំណើត​វិញ​ ព្រោះ​ការ​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​នេះ​ វា​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្សេងៗ​ ។​ 

​ទាក់ទង​នឹង​បញ្ហា​ពលរដ្ឋ​ឆ្លង​ដែន​នេះ​ដែរ​ លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ក៏​បាន​ជំរុញ​ដល់​កម្លាំង​នគរបាល​ស្រុក​ម៉ា​ឡៃ​ ស្រាវជ្រាវ​មុខសញ្ញា​មេ​ខ្ស​ល់​ដែល​ពាក់ព័ន្ធ​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ ដើម្បី​ចាប់ខ្លួន​យក​ទៅ​ផ្តន្ទាទោស​ផង​ដែរ​៕​

ដោយ​៖សហការី​


ចែករំលែក៖