ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ ដែលទទួលបាននៅព្រឹកថ្ងៃចន្ទទី២៥ ខែមេសា ឆ្នាំ២០២២នេះថា៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មីនប្រភេទPMN2 ចំនួន ១២គ្រាប់ ស្ថិតនៅចម្ងាយ៥០ម៉ែត្រ ខាងជើងភូមិព្រះឈរ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ម្សិលមិញនេះ។
ជាក់ស្ដែងយោងតាមរបាយការណ៍របស់នគរបាលស្រុកថ្មពួក បានឱ្យដឹងថា៖ ប្រជាពលរដ្ឋឈ្មោះ ណាប់ នឿន ភេទប្រុស អាយុ៦៥ឆ្នាំ ជាកម្លាំងប្រជាការពារភូមិ នៅភូមិព្រះឈរ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរលើផ្លូវទើបកសាងរួចដោយគម្រោងរបស់មន្ទីរអភិវឌ្ឍ ក៏ប្រទះឃើញគ្រាប់មីននៅក្នុងកេសពណ៌សចំនួន ១២គ្រាប់ មានគុណភាពប្រហែលជា៨០% រួចបានរាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោកកឋិន បន្ទាប់មកយើងបានរាយការណ៍បន្តទៅក្រុមការងារបោសសម្អាតមីន (Hallo) ដើម្បីមានវិធានការបន្ត ។
មន្រ្តីជំនាញ បានបញ្ជាក់ថា៖ កាលពីកាយធ្វើផ្លូវនោះម្ចាស់គ្រឿងចក្រអែស្កាវ៉ាទ័រ មិនទាន់ប្រទះឃើញគ្រាប់មីននោះឡើយ លុះពេលដីច្រោះទើបឈ្មោះណាប់ នឿន ធ្វើដំណើរលើផ្លូវនោះក៏ប្រទះឃើញគ្រាប់មីននៅក្នុងកេសពណ៌ស ៕
ដោយ៖សហការី