ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុតប្រធានាធិបតីម៉ាក្រុងជាប់ឆ្នោតដឹកនាំបារាំង៥ឆ្នាំទៀត, មេដឹកនាំអឺរ៉ុបជូនពរអបអរសាទរ

ចែករំលែក៖

លទ្ធផលបោះឆ្នោតកាលពីយប់ថ្ងៃទី២៤ ខែមេសា ក្រោយសន្លឹកឆ្នោតរាប់បានជាង៨០% ប្រធានាធិបតីបារាំងលោកម៉ាក្រុងទទួលបានសំឡេងគាំទ្ររហូតដល់ ៥៥% ចំណែកគូប្រជែងលោកស្រី Marine Le Penទទួលបានតែ ៤៥%ប៉ុណ្ណោះ ។ ក្នុងពេលនេះដែរ លោកស្រីMarine Le Pen ក៏បានទទួលស្គាល់ពីការបរាជ័យរបស់ខ្លួនផងដែរ។
ប្រមុខដឹកនាំនៅជុំវិញពិភពលោក បានជូនពរដល់ប្រធានាធិបតីបារាំងលោកម៉ាក្រុង ដែលទទួលបានជ័យជម្នះលើគូប្រជែងលោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២៤ខែមេសា។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ស្ថិរភាពតំបន់អឺរ៉ុប គឺជាសារសំខាន់ដែលប្រមុខដឹកនាំប្រទេសតំបន់អឺរ៉ុបជូនពរដល់លោកម៉ាក្រុង ។
នាយករដ្ឋមន្ត្រីអុីតាលី លោក Mario Draghi បានចាត់ទុកការទទួលបានជ័យជម្នះរបស់លោកម៉ាក្រុងគឺជា«ព័ត៌មានដ៏ល្អបំផុតសម្រាប់ប្រទេសនៅក្នុងតំបន់អឺរ៉ុប»។ ក្នុងពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz បានលើកឡើងថា ពលរដ្ឋបារាំងមានជំនឿយ៉ាងមុតមាំដល់ប្រធានាធិបតីម៉ាក្រុង និងតំបន់អឺរ៉ុបទាំងមូល។
ប្រធានសហគមន៍អឺរ៉ុប លោក Charles Michel បានឱ្យដឹងថា សហគមន៍អឺរ៉ុបបានពឹងផ្អែកទៅលើ ប្រទេសបារាំងក្នុងរយៈពេល៥ឆ្នាំបន្តទៀត។ លោក Charles Michel បានបញ្ជាក់ថា «នៅក្នុងដំណាក់កាលនេះ យើងត្រូវការអឺរ៉ុបរឹងមាំ និងប្រទេសបារាំងសាមគ្គី ជាមួយសហគមន៍អឺរ៉ុប មានយុទ្ធសាស្ត្រល្អជាងនេះ ។
ជាមួយគ្នានេះដែរ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលអាចបន្តទំនាក់ទំនងដ៏ល្អជាមួយបារាំង ។ លោកស្រីបញ្ជាក់ថា ជ័យជម្នះរបស់បារាំងគឺជាជ័យជម្នះរបស់សហគមន៍អឺរ៉ុប។
ក្រៅពីនេះប្រមុខដឹកនាំជាច្រើនទៀត ក្នុងតំបន់អឺរ៉ុប ក្នុងនោះមាន នាយករដ្ឋមន្ត្រីអង់គ្លេស នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ស៊ុយអែត រូម៉ានី ហ្វាំងឡង់ ហុល្លង់ ក្រិច… ក៏បានជូនពរប្រធានាធិបតីម៉ាក្រុងជាប់ឆ្នោតជាថ្មីផងដែរ៕ ដោយ៖ ធីរីណា

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានយកឈ្នះគូប្រជែងរបស់គាត់គឺលោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោតថ្ងៃទី 24 ខែមេសា។ រូបថត៖ Reuters


ចែករំលែក៖