ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់សង្ស័យមានជំងឺប្រចាំកាយបានដេកស្លាប់នៅនឹងកន្លែងធ្វើការបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងព្រឹក។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងរោងចក្រអគារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះចាយ សេងឡៃ អាយុ៣៨ឆ្នាំ មុខរបរជាសន្តិសុខ បច្ចុប្បន្នស្នាក់នៅក្នុងភូមិព្រៃជីសាក់សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា កន្លងមកជនរងគ្រោះធ្លាប់មានជំងឺប្រចាំកាយ គឺជំងឺលើសឈាម ហើយក៏ធ្លាប់បានដួលម្ដងរួចមកហើយដែរ។ បន្ទាប់មកក្រុមគ្រួសារក៏បានយកបុរសខាងលើនេះទៅព្យាបាលនៅឯស្រុកកំណើត។ ក្រោយពីព្យាបាលអស់មួយរយៈបានធូរស្រាលហើយទើបជនរងគ្រោះមកដាក់ពាក្យចូលបម្រើការងារធ្វើជាសន្តិសុខនៅកន្លែងកើតហេតុខាងលើ ដោយជនរងគ្រោះធ្វើជាសន្តិសុខធ្វើការនៅវេនយប់។ លុះនៅព្រឹកថ្ងៃកើតហេតុ ក៏មានបុរសជាសន្តិសុខម្នាក់ទៀតបានចូលមកបម្រើការងារដូចសព្វដងក៏ស្រាបតែឃើញបុរស ខាងលើបានស្លាប់នៅកន្លែងកន្លែងធ្វើការបាត់ទៅហើយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមក ត្រួតពិនិត្យនៅកន្លែងកើតហេតុកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកជំនាញកោសលវិច័យចក្ខុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើកោសល្យវិច័យនិងធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖និន សុភ័ស្ត