ក្រុមហង្សក្រហម Liverpool បានបន្តតាមយ៉ាងប្រកៀកជាមួយក្រុមកំពូលតារាង ដោយឈរនៅត្រឹម១ពិន្ទុនៃក្រុមកំពូលតារាង Manchester City នៅ Premier League ក្រោយពីបានយកឈ្នះក្រុម Everton និងបានទម្លាក់ក្រុមនេះធ្លាក់ក្នុងចំណាត់ថ្នាក់បាតតារាងទាំង៣ បន្ទាប់ពីទទួលជ័យជម្នះ ២ទល់០ ក្នុងការប្រកួត Merseyside Derby កាលពីរាត្រីថ្ងៃអាទិត្យ ម្សិលមិញ។
ការខិតខំប្រឹងទប់របស់ខ្សែការពារក្រុម Everton បានធ្វើឱ្យ Liverpool មិនអាចបំប៉ោងសំណាញ់ទីបាននៅតង់ទី១ ប៉ុន្តែនៅតង់ទី២ ក្រុមខ្លាំងមួយនេះបានបំប៉ោងសំណាញ់ទី២គ្រាប់ ដោយគ្រាប់ទី១រកបានដោយកីឡាករ Andy Robertson នៅនាទីទី៦២ ពីការបញ្ជូនបាល់យ៉ាងល្អរបស់ខ្សែប្រយុទ្ធ Salah។ នៅនាទីទី៨៥ជិតចប់ការប្រកួតទៅហើយខ្សែប្រយុទ្ធ Divock Origi រកបាន១គ្រាប់បន្ថែមទៀត ដែលធ្វើឲ្យក្រុមរបស់លោកJurgen Klopp ទទួលបាន៣ពិន្ទុគ្រប់គ្រាន់ក្នុងជ័យជម្នះនេះ។
ក្រុមខ្លាំង Liverpool បានឈ្នះការប្រកួតពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយ៉ាងមានប្រសិទ្ធភាពក្នុងរយៈពេល៤៥នាទីដំបូងទល់នឹង Manchester City នៅកីឡដ្ឋាន Wembley និងជាក្រុមដែលបានបំបាក់ Manchester United ដ៏ខកចិត្តនៅ Anfield កាលពីថ្ងៃអង្គារសប្តាហ៍មុនផងដែរ។
អ្នកចាត់ការទូទៅលោក Klopp កាន់តែមានក្តីសង្ឃឹម និងរីករាយយ៉ាងខ្លាំងដោយសារតែ Liverpool ទទួលបានជ័យជម្នះលើក្រុម Everton។ជ័យជម្នះនេះក្រោយពេលក្រុម Man City របស់លោក Pep Guardiola បានយកឈ្នះលើក្រុម Watford ៥-១ ហើយនៅតែស្ថិតក្នុងដំណើរឆ្ពោះទៅរកការប្រជែងពាន Premier League, Champions League និង FA Cup ទៅ EFL Cup ។
ពេលនេះ Liverpool ត្រូវជួបជាមួយក្រុម Villarreal ក្នុងការប្រកួត Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នៅកីឡដ្ឋាន Anfield នៅរាត្រីថ្ងៃពុធ ខណៈដែលការពេញចិត្តខ្លាំង និងការប្រជែងរបស់ពួកគេបន្តប្រមូលផ្តុំនូវសន្ទុះដ៏ខ្លាំងក្លានិងមានក្តីសង្ឃឹមកាន់តែច្រើន ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)