ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង អរគុណឯកអគ្គរដ្ឋទូតអូស្ត្រាលីដែលទទួលស្គាល់លើការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ប៉ាប្លូ កាង (H.E. Mr. PABLO KANG)បានសម្តែងនូវការកោតសរសើរចំពោះរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសគឺការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាបានយ៉ាងល្អ ដែលធ្វើឱ្យជំងឺនេះមិនរីករាលដាលធ្ងន់ធ្ងរ។

  ការកោតសរសើរបែបនេះរបស់ លោក ប៉ាប្លូ កាង (H.E. Mr.PABLO KANG) គឺធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ខណៈដែលលោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

   លោកប៉ាប្លូ កាង បានបញ្ជាក់ផងដែរថា សម្រាប់រាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពិតជាបានល្អប្រសើរ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺនេះ ហើយខណៈដែលរាជធានីភ្នំពេញកំពុងប្រឈមនឹងការរីករាលដាលកូវីដ-១៩នោះ អាជ្ញាធររាជធានីភ្នំពេញ គឺពិតជាគ្រប់គ្រងបានយ៉ាងល្អប្រសើរដែលធ្វើឲ្យអត្រានៃការឆ្លងជំងឺនេះមានលក្ខណៈធូរស្រាល មិនធ្ងន់ធ្ងរដូចបណ្ដាប្រទេសមួយចំនួនឡើយ។

     លោកប៉ាប្លូ កាង ក៏បានលើកឡើងផងដែរថា សម្រាប់អូស្ត្រាលី នឹងធ្វើការសិក្សាបន្ថែមទៅលើទីក្រុងវៃឆ្លាតសម្រាប់រាជធានីភ្នំពេញ។ បន្ថែមពីនេះលោកប៉ាប្លូ កាង ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់រដ្ឋបាលរាជធានីភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

    លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញពិតជាអរគុណចំពោះការជួយរបស់អូស្ត្រាលីទៅលើការសិក្សាទៅលើការរៀបចំទីក្រុងវៃឆ្លាតឱ្យរាជធានីភ្នំពេញ។

     លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្រាប់អាជ្ញាធររាជធានីភ្នំពេញនឹងជួយជ្រោមជ្រែងគ្រប់ការងាររបស់ស្ថានទូតអូស្ត្រាលី ។ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការសហការការងារជាមួយស្ថានទូតអូស្ដាលីឱ្យកាន់តែប្រសើរបន្ថែមទៀត ខណៈដែលកម្ពុជានិងអូស្ត្រាលីមានទំនាក់ទំនងការទូតជាមួយគ្នាជាង៧០ឆ្នាំមកហើយ។

     សួមបញ្ជាក់ថា៖ អតីតអគ្គមេបញ្ជាការ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) លោក ឧត្តមសេនីយ៍ឯក John Murray Sanderson AC និងភរិយា លោកស្រី Lorraine Sanderson បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់តាំងពីថ្ងៃទី ២៣ ខែមេសា ដល់ថ្ងៃទី ២ ខែឧសភា ដើម្បីអបអរខួបទី៣០ឆ្នាំ នៃអ៊ុនតាក់ និងជាផ្នែកមួយនៃការអបអរខួបទី៧០នៃទំនាក់ទំនងការទូតរវាងអូស្ត្រាលី នឹងកម្ពុជា។  

   លោក ឃួង ស្រេង ក៏បានសម្ដែងនូវការអរគុណចំពោះអ៊ុនតាក់ ដែលបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពសម្រាប់កម្ពុជា ដោយក្នុងនោះតួអង្គសំខាន់ ដែលរកសន្តិភាពបានពិតប្រាកដសម្រាប់ប្រទេសកម្ពុជានោះ គឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ សំរិត


ចែករំលែក៖