ភ្នំពេញ៖ នៅថ្ងៃទី១ នៃសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា ២០២១-២០២២ បានបញ្ចប់ទៅដោយជោគជ័យ បន្ទាប់ពីត្រូវបានផ្អាកដំណើរការអស់រយៈពេល២ឆ្នាំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងវត្តមាន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានចូលរួមដោយផ្ទាល់ និងពីចម្ងាយពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងនាយកដ្ឋាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត បុគ្គលិកអប់រំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រសួងពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា។
សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ យុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ ការអនុវត្តការងារប្រចាំឆ្នាំធៀបនឹងទិសដៅដែលបានដាក់ចេញក្នុងសន្និបាតកន្លងមក ការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ។ សន្និបាតអប់រំ បានផ្តល់កាលានុវត្តភាពសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រសួងពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ពិភាក្សាអំពីការបំពេញការងារ កំណត់ពីបញ្ហាប្រឈមជាក់លាក់សម្រាប់ឆ្នាំខាងមុខ និងឯកភាពលើសកម្មភាពចាំបាច់មួយចំនួន។ លទ្ធផលសន្និបាតអប់រំ នឹងផ្តល់ជាធាតុចូលដ៏មានសារសំខាន់សម្រាប់កែលម្អផែនការយុទ្ធសាស្រ្តវិស័យអប់រំ រៀបចំផែនការយុទ្ធសាស្ត្រថវិកា ផែនការវិនិយោគសាធារណៈ ផែនការប្រតិបត្តិប្រចាំឆ្នាំ។
កម្មវិធីថ្ងៃទី១ នៃសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ នេះរួមមាន ៖
១. សុន្ទរកថាស្វាគមន៍ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា
២. ចំណាប់អារម្មណ៍លោកស្រី Foroogh Foyouzat ប្រធានក្រុមការងារវិស័យអប់រំ
៣. សុន្ទរកថាបើកសន្និបាត លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៤. បាឋកថាស្ដីពី “សម្រួចអាទិភាពសកម្មភាពផ្ដោតលើលទ្ធផល ដើម្បីកសាងមូលធនមនុស្សកម្ពុជា” ដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
៥. របាយការណ៍បូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២០-២០២១ ដោយលោកបណ្ឌិតសភាចារ្យ ណាត ប៉ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា
៦. វេទិកាពិភាក្សាស្ដីពី៖ “អនុវិស័យការអប់រំកាយនិងកីឡា ការអភិវឌ្ឍយុវជន និងការអប់រំក្រៅប្រព័ន្ធ” ដោយឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង។
សូមជម្រាបថា សន្និបាតអប់រំនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ដោយឡែកសម្រាប់ថ្ងៃទី២ នឹងមានការធ្វើបទបង្ហាញ និងការពិភាក្សាអនុវិស័យចំនួន២គឺ៖
១.ការអប់រំឧត្តមសិក្សា និងការអប់រំមធ្យមសិក្សា និង អប់រំបច្ចេកទេស
២. ការអប់រំកុមារតូច និងការអប់រំបឋមសិក្សា
សូមបន្តតាមដានការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានព័ត៌មានទាក់ទង នឹងសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២៕
ដោយ ៖ សិលា