ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការក្រើនរំលឹកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ដល់ក្រុមអាយុចាប់ពី ៥ឆ្នាំឡើង យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំង អាស្ត្រាហ្សេនីកា ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា បច្ចុប្បន្ននេះ គ.វ.ក-១៩ កំពុងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនដល់ក្រុមអាយុចាប់ពី៥ឆ្នាំឡើង នៅតាមមន្ទីរពេទ្យជាតិនានា មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងទីតាំងចាក់ វ៉ាក់សាំងកូវីដ-១៩ ដែលបានរៀបចំចាក់ជូនដោយមន្ទីរពេទ្យជាតិនានា និងរដ្ឋបាល រាជធានី-ខេត្តទាំង២៥។ ដោយពិនិត្យឃើញថាក្រុមអាយុចាប់ពី៥ឆ្នាំឡើងបានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬ ដូសជំរុញ នៅមានកម្រិតនៅឡើយ គ.វ.ក-១៩ សូមធ្វើការក្រើនរំលឹកដល់អ្នកដែលនៅក្នុងក្រុមអាយុចាប់ពី៥ឆ្នាំឡើង ហើយដល់វេន ចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬជួសជំរុញ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ នៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងទីតាំង ចាក់វ៉ាក់សាំងកូវីដ-១៩ រៀងរាល់ថ្ងៃ (រួមទាំងថ្ងៃឈប់សំរាក ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ដោយត្រូវយកភ្ជាប់ទៅជាមួយនូវប័ណ្ណចាក់ វ៉ាក់សាំងកូវីដ-១៩។
ទន្ទឹមគ្នានេះដែរ គ.វ.ក-១៩ សូមជម្រាបជូនសាធារណជនជ្រាបថា ចំពោះកុមារ យុវវ័យ និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៥ឆ្នាំឡើង អាចទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ បន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ឬបាន ព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ រយៈពេលចាប់ពី៣ខែឡើង ដើម្បីពង្រឹង និងបង្កើនប្រព័ន្ធភាពស៊ាំបុគ្គល និងសហគមន៍ ឱ្យបានទាន់ពេលវេលា ដែលអាចឱ្យយើងរំដោះខ្លួនចេញផុតពីការយាយីធ្ងន់ធ្ងរ នៃវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុងដែលកំពុងបន្តចរាចរនៅក្នុងសហគមន៍នៅឡើយ ក៏ដូចជាវីរុសបំប្លែងខ្លួនថ្មីផ្សេងៗទៀត ដែលកំពុងចរាចរយ៉ាង សកម្មនៅក្នុងតំបន់ និងនៅក្នុងសកលលោកនាពេលបច្ចុប្បន្ននេះ ៕
ដោយ ៖ សុខ ខេមរា