ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីបង្ហោះហ្វេសប៊ុកមានខ្លឹមសារថា “សូមបងប្អូនជួយខ្ញុំផងប៉ូលិសអធិការដ្ឋានខណ្ឌឫស្សីកែវធ្វើស៊ីលុយខ្ញុំ ដាក់ថ្នាំចាប់រំលោភប្រពន្ធខ្ញុំបូក

ចែករំលែក៖

    ភ្នំពេញ ៖ នៅថ្ងៃទី​២៥ ខែមេសា​ ឆ្នាំ​២០២២ វេលាម៉ោង​៧និង​០០នាទីយប់ជនសង្ស័យម្នាក់ដែលមានគណនីហ្វេស ប៊ុកឈ្មោះ Nith New និងគណនីហ្វេសប៊ុកផេកឈ្មោះ Nith Official ត្រូវបាននគរបាលខណ្ឌឫស្សីកែវធ្វើការឃាត់ខ្លួនដោយសារបានបង្ហោះសារមានខ្លឹមសារថា “សូមបងប្អូនជួយខ្ញុំផង ប៉ូលិសអធិការដ្ឋានខណ្ឌឫស្សីកែវធ្វើស៊ីលុយខ្ញុំ ដាក់ថ្នាំចាប់រំលោភប្រពន្ធខ្ញុំបូក ហើយយកប្រពន្ឌខ្ញុំទៅលក់នៅក្រៅទៀត គេចាប់ប្រពន្ធខ្ញុំរំលោភបូកហើយពួកគាត់ដាក់GPSឱ្យគេតាមដានខ្ញុំទៀត អ្នកភូមិក៏ចាប់រំលោភប្រពន្ធខ្ញុំដែរ តែពួកគាត់ថាដោះស្រាយហើយ តែគាត់អត់ឱ្យលុយខ្ញុំទេ យកលុយចែកគ្នាអស់ហើយ ប៉ូលិសហ្នឹងនៅជិតផ្ទះខ្ញុំ ពួកគាត់មេគ្រឿងញៀនធំ ជក់គ្រឿងញៀនទៀត ហើយពួកគាត់ដាក់GPSមើលអ្នកលក់គ្រឿងញៀនហើយពួកគាត់ចាំធ្វើស៊ីគេ រឿងហ្នឹងគាត់អត់ឱ្យខ្ញុំប្រាប់គេនិងប្រាប់គ្រួសារខ្ញុំទេ ដល់ឡូវពួកគាត់ធ្វើស៊ីលុយខ្ញុំ បានខ្ញុំផុស និងបានយករូបអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវផុសដោយសរសេរអក្សរពីលើថា ”ប៉ូលិសមេគ្រឿងញៀនហើយជក់គ្រឿងញៀន ធ្វើស៊ីលុយខ្ញុំហើយ ដាក់GPSឱ្យអ្នកភូមិមើលខ្ញុំទៀត”៕

    អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សូមធ្វើការបដិសេធទាំងស្រុងចំពោះសារខាងលើដែលបានសរសេរចោទប្រកាន់មកលើកម្លាំងសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ហើយរឿងហេតុដែលគណនីហ្វេសប៊ុកឈ្មោះ Nith New និងហ្វេសប៊ុកផេកឈ្មោះ Nith Official បានបង្ហោះនេះ ពុំមានកើតឡើងក្នុងខណ្ឌឫស្សីកែវនោះទេ។

   ក្រោយពីមានសារខាងលើបង្ហោះភ្លាម ក្រុមការងារជំនាញបានធ្វើការស្រាវជ្រាវរកម្ខាស់គណនីហ្វេសប៊ុកមានឈ្មោះ ប៉ុល សំនិត ភេទប្រុស ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មកបំភ្លឺ ហើយជននេះបានប្រាប់ថា រូបខ្លួនពិតជាបានបង្ហោះសារមានខ្លឹមសារដូចបានរៀបរាប់ខាងលើប្រាកដមែន តែជារឿងមិនពិតនោះទេ ដោយមូលហេតុ រូបខ្លួនជាអ្នកប្រើប្រាស់គ្រឿងញៀន និងខឹងជាមួយប្រពន្ធដែលបានរត់ចោលជាច្រើនខែមកហើយ ទើបខ្លួនខូចចិត្តរហូតយករូបភាពអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវមកសរសេរសារបង្ហោះតែម្តង ដោយពុំបានគិតថាប៉ះពាល់អង្គភាពនគរបាលនោះទេ។

   ក្រោយពីសួរនាំឈ្មោះ ប៉ុល សំនិត រួច កម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀន លទ្ធផលវិជ្ជមាន(មានសារធាតុញៀន)។

នៅចំពោះមុខនេះ ដោយសារឈ្មោះ ប៉ុល សំនិត មានសារធាតុញៀន កម្លាំងសមត្ថកិច្ចបានឱ្យជននេះធ្វើកិច្ចសន្យានិងធ្វើការណែនាំអប់រំ រួចបញ្ជូនទៅស្តារនីតិសម្បទានៅមណ្ឌលកែប្រែ៕

ដោយ ៖ ជីណា


ចែករំលែក៖