ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកទំនិញធុនធំឈប់ភ្លើងស្តុបពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុករថយន្តដឹកទំនិញពីក្រោយ៌ដែលកំពុងឈប់ភ្លើងស្តុបកាលពីវេលាម៉ោង១២និង១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខវត្តស្លែង តាមដងផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ពងទឹក​ ខណ្ឌដង្កោ  រាជធានីភ្នំពេញ។

   សពជនរងគ្រោះមានឈ្មោះលី ហ៊ាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងបិទស្គុតម៉ូតូ ស្នាក់នៅម្ដុំវត្តអង្គតាមិញ មានស្រុកកំណើតនៅឯស្រុកកោះធំ ខេត្តកណ្ដាល។

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តធុនធំដឹកទំនិញមួយគ្រឿងបើកពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តនេះបានឈប់រង់ចាំភ្លើងស្តុប  ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តធុនធំពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖