ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេកជាន់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុករថយន្តពីចំហៀង ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

    ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និងនារីម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកូរ៉េដឹកមាន់ពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបណតប្រ៊ីត តាមបណ្ដោយផ្លូវលេខ២០០៤ កែងផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

   សពជនរងគ្រោះនិងអ្នករងរបួសធ្ងន់គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនឹងបុរសបី នាក់ទៀតបានជិះរថយន្តកូរ៉េដឹកមាន់មួយគ្រឿងមានក្បាលពណ៌សពាក់ស្លាកលេខកំពង់ស្ពឺ3A-3212 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ពីលិចទៅកើត   លុះមកដល់ចំណុចភ្លើងស្តុបបែកជាបួន កន្លែងកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FB-9673ជិះដោយបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវណតពីជើងទៅត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តចំពីចំហៀងផ្នែកខាងឆ្វេងពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះទាំងពីរនាក់រងរបួសធ្ងន់ធ្ងរ។ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗដែរ តែអកុសលជនរងគ្រោះជាបុរសរងរបួសធ្ងន់ធ្ងរពេកបានស្លាប់បាត់បង់ជីវិតត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកមកកន្លែងកើតហេតុវិញ។ចំណែករថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បានព្យាយាមបើកចេញរហូតដល់ចំណុចខាងត្បូងភ្លើងស្តុបណូគា  តាមបណ្តោយផ្លូវលេខ២៧១ ត្រូវបានកម្លាំងប្រជាការពារខណ្ឌល្បាតឃើញ ដេញឃាត់បានមកវិញនិងឃាត់ខ្លួនតៃកុងរថយន្តរួចប្រគល់ជូនសមត្ថកិច្ចផងដែរ។

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខា សែនជ័យ


ចែករំលែក៖