ខេត្តបាត់ដំបង៖ មនុស្សប្រុសស្រីចំនួន ២១នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាំយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី បន្ទាប់ពីកម្លាំងជំនាញបាន ឆ្មក់ចុះបង្ក្រាបភោជនីយដ្ឋានយីហោ”សាច់អាំងរតនៈ”ស្ថិតនៅកណ្តាលក្រុងបាត់ដំបង លួចបង្កប់ប្រេីប្រាស់គ្រឿងញៀន។ នេះបេីយោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខេត្តដែលបានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
មន្រ្តីជំនាញបានគូសបញ្ជាក់ថា៖ សំណុំរឿងនេះសមត្ថកិច្ចជំនាញគ្រោងនឹងបញ្ជូនជនសង្ស័យដែលពាក់ព័ន្ធផ្ទាល់ទៅកាន់តុលាការខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ ចំណែកឯអ្នកពាក់ព័ន្ធប្រយោលត្រូវណែនាំអប់រំ ធ្វើកិច្ចសន្យារួចឱ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញ។
ករណីរក្សាទុក និងជួញដូរថ្នាំញៀននេះធ្វើឡើងនៅវេលារំលងអធ្រាត្រថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្លិបខារ៉ាអូខេសាច់អាំងរតនៈ ស្ថិតក្មុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រតិបត្តិការខាងលើនេះកម្លាំងជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើសខេត្ត បានឆ្មក់បង្ក្រាបនិងក្រសោបនាំខ្លួនបុរសនារីទាំងអស់ចំនួន ២១នាក់យកមកសាកសួរនៅការិយាល័យប្រឆាំងគ្រឿងញៀន ហើយជាលទ្ធបញ្ជាក់ថា មានបុរស២នាក់បានជាប់ពាក់ព័ន្ធផ្ទាល់ក្នុងករណីជួញដូរនិងរក្សាទុកគ្រឿងញៀន ជាមេការម្នាក់ រួមទាំងម្ចាស់ទីតាំងម្នាក់ទៀតផងដែរ។
មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះទុន សុភ័ក្ត្រ ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ជាមេការ និងជាអ្នកជួញដូរ និងរក្សាទុកគ្រឿងញៀន និងម្នាក់ទៀតឈ្មោះជា សុខមុន្នី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជាម្ចាស់អ្នកជួលទីតាំងខារ៉ាអូខេ សាច់អាំងរតន:ខាងលើ។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានថ្នាំញៀនប្រភេទកេតាមីន KET AMINE ចំនួន ៣ថង់ទម្ងន់២,៧៧ក្រាម និងថ្នាំញៀនប្រភេទអិចស្តាស៊ី MD MA ចំនួន៣គ្រាប់ទម្ងន់១,១១ ក្រាម ព្រមទាំងរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ ២L-២៥០១៕
ដោយ៖អារុណរះ