ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងផ្ទះត្រូវដួលរលំនិងរបើកដំបូលដោយសារមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំង តែសំណាងដែរដែលមិនមានមនុស្សគ្រោះថ្នាក់ដល់អាយុជីវិត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៥ខែមេសាឆ្នាំ២០២២ស្ថិតក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមមន្ត្រីរដ្ឋបាលស្រុកបានឱ្យដឹងថា កាលពីវេលាម៉ោង១៦និង៣០នាទី រសៀលថ្ងៃទី២៥ខែមេសាឆ្នាំ២០២២ស្ថិតក្នុងឃុំអំពិល ស្រុករមាសហែកមានភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងដែលមានម្ចាស់ផ្ទះទី១-ឈ្មោះអំ សុខ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអំពិល ឃុំអំពិល ស្រុករមាសហែក ត្រូវខ្យល់កន្ត្រាក់បោកបក់បណ្ដាលឱ្យខូចខាតផ្ទះទំហ៨ម៉ែត្រគុណនឹង១០ម៉ែត្រ និងរបើកដំបូលជង្រុកស្រូវទំហំ៥ម៉ែត្រគុណនឹង៨ម៉ែត្រ ។
ទី២-ឈ្មោះឡុក យ៉ែត ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិអំពិល ឃុំអំពិល ផ្ទះត្រូវបានរបើកដំបូលក្បឿងធ្លាក់មកដីអស់ចំនួន៤០សន្លឹក។
ទី៣-ឈ្មោះមាស សាត់ ភេទស្រីអាយុ៦៩ឆ្នាំ មានទីលំនៅភូមិអំពិល ឃុំអំពិល ផ្ទះរបើកដំបូលក្បឿងមកដីអស់ចំនួន៣០សន្លឹក។
ទី៤-ឈ្មោះស៊ូ រីវង់ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិត្រោក ឃុំអំពិល ផ្ទះរបើកក្បឿងអស់ចំនួន២០០សន្លឹក និងរហែកស័ង្កសីអស់ចំនួន១៥សន្លឹក ។
ទី៥-ឈ្មោះ ទ្រួក ភាន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ផ្ទះរបើកដំបូលក្បឿងអស់ចំនួន១៥០សន្លឹក។
អាជ្ញាធរមូលដ្ឋានស្រុករមាសហែកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងមានខ្យល់កន្ត្រាក់និងរន្ទះត្រូវប្រញាប់ប្រញាល់រកទីទួលមានសុវត្ថិភាពនិងបិទទូរស័ព្ទ ហើយរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា៕
ដោយ៖យឹមសុថាន