ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមេសាឆ្នាំ២០២២ បានសម្រេចបើកសវនាការមួយថ្ងៃពេញលើជនជាប់ចោទប្តីប្រពន្ធ ករណីឃាតកម្មចាក់សម្លាប់ឪពុក នៅខណ្ឌមានជ័យ។
នៅក្នុងអង្គសវនាការជនជាប់ចោទឈ្មោះ ហេង សៅរស្មី (ប្តី)បានឆ្លើយថាខ្លួនមិនបានចាក់សម្លាប់ឪពុកក្មេកនោះទេ ពេលនោះប្រពន្ធបានកាន់កាំបិតហើយឪពុកស្រែកឲ្យ ទំលាក់កាំបិតចុះពេលនោះឪពុកក៏បានស្ទុះឆក់យកកាំបិតចេញពីដៃប្រពន្ធ ហើយចុះទៅក្រោមវិញហើយប្រពន្ធក៏ចុះតាមក្រោយហើយក៏ស្រែកបងៗប៉ាមានឈាម ពេលនោះខ្ញុំក៏ចុះបីគាត់ដាក់ក្នុងឡានយកទៅមន្ទីរពេទ្យ។ ចំណែកឈ្មោះ ប៊ុន សូហ្វែរ (ប្រពន្ធ) បានឆ្លើយថានៅថ្ងៃកើតហេតុខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្តី ហើយប៉ាក៏បានឡើងមកស្រែកជេរពួកខ្ញុំ ហើយប្តីខ្ញុំខឹងក៏ស្ទុះទៅយកកាំបិតទៅចាក់លើប៉ាតែម្តង។
សូមបញ្ជាក់ថា ក្រោយពីបើកសវនាការមួយថ្ងៃពេញរួចមកលោកស្រីចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានធ្វើការសាកសួរលើជនជាប់ចោទទាំង២នាក់ចប់ សាក្សី សមត្ថកិច្ច ដោយមានការខ្វះខាតកន្លែងមួយចំនួនលោកស្រីចៅក្រមសម្រេចចាត់របៀប ស៊ើបអង្កេតបន្ថែមនៅចំណុចមួយចំនួន រួចនឹងកំណត់ថ្ងៃបើកសវនាការបន្ត។
ជនជាប់ចោទឈ្មោះ ហេង សៅរស្មី ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរជាទាហានជើងទឹក (កូនប្រសា) ប្រពន្ធឈ្មោះ ប៊ុន សូហ្វែរ ភេទស្រី អាយុ ៣០ ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ជាប់ចោទពីបទ. ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ បុរសជនរងគ្រោះត្រូវជាឪពុកក្មេកមានឈ្មោះ ប៊ុន សុវណ្ណា ភេទអាយុ៦០ ឆ្នាំមុខរបរនៅផ្ទះ ។
គួររំលឹកថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី១៣ ខែ សីហាឆ្នាំ២០២១ ស្ថិតនៅបុរីមួយកន្លែងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្ដីប្រពន្ធមួយគូនេះបានឈ្លោះ ប្រកែកគ្នានិងវាយប្រតាយប្រតប់គ្នាខណៈពេលនោះឪពុកបានចូលទៅឃាត់ ស្រាប់តែកូនប្រសារប្រុស បានយកកាំបិតមកចាក់ត្រូវចំឪពុកបណ្ដាលឲ្យរងរបួសធ្ងន់បន្ទាប់មកបុរសជាប្តីរួមនិងប្រពន្ធត្រូវជាកូនបង្កើតក៏បានប្រញាប់ប្រញាល់នាំគ្នាដឹកឪពុកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរ ពេទ្យមិត្តភាពខ្មែរសូវៀតហៅពេទ្យរុស្ស៊ី តែជន រងគ្រោះបានស្លាប់ដោយសាររងបួសធ្ងន់ពេក៕
ដោយ ៖ រ៉ារ៉ា