ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីធុនធំបុកម៉ូតូសណ្ដោងរុឺម៉ក បណ្ដាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

    ភ្នំពេញ ៖ រថយន្តបែនដឹកដីធុនធំមួយគ្រឿងបានបើកបុកម៉ូតូសណ្ដោងរុឺម៉ក បណ្ដាលឱ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតបានរងរបួសធ្ងន់ ដែលគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១ៈ៣០នាទីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ កែងច្រកចូលបុរីពិភពថ្មី កួរស្រូវ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    ជនរងគ្រោះដែលស្លាប់និងរងរបួសធ្ងន់នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

    យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់បានជិះម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងដឹកអីវ៉ាន់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីកើតទៅលិចដោយមានល្បឿនមធ្យម ខណៈជិះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក DAEWOO ប្រភេទបែនដឹកដីធុនធំ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-7153 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាមកបុកចំពីមុខម៉ូតូសណ្ដោងរុឺម៉កពេញទំហឹង បណ្ដាលឱ្យរថយន្តបង្កហេតុខូចខាតផ្នែកខាងមុខតិចតួច ចំណែកម៉ូតូសណ្ដោងរុឺម៉កបានបាក់ក រងការខូចខាតយ៉ាងដំណំ ។  ដោយឡែកបុរស២នាក់ដែលជិះលើម៉ូតូសណ្ដោងរុឺម៉កនោះបានរងរបួសធ្ងន់ធ្ងរ ហើយបុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ រីឯបុរសម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ។

    ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កហេតុបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល ហើយមួយសន្ទុះក្រោយមកក៏មានបុរសម្នាក់មកបកស្លាកឡូហ្គោរបស់ក្រុមហ៊ុនចេញពីរថយន្ត តែត្រូវសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួន ។ បន្ទប់មកសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូសណ្ដោងរុឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖