ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុស២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួននិងរឹបអូសបានវត្ថុតាងម្សៅក្រាមសថ្លាចំនួន ៣កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចផ្នែកជំនាញបានធ្វើការឃាត់ខ្លួនមនុស្ស២នាក់ពាក់ព័ន្ធនឹងករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀនខុសច្បាប់។ ហេតុការណ៍នេះកើតឡើងកសលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នៅមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

   លោក ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានខណ្ឌចំការមនបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ សិត សារិន ហៅ មោគ ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅក្រោយបុរីបូមទឹក ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ជនសង្ស័យទី២-ឈ្មោះ សាយ ធារ៉ា ភេទ ប្រុស អាយុ២៧ឆ្នាំ  (អ្នកលក់ថ្នាំញៀន)ស្នាក់នៅសំណង់ទុកចោល ក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ វត្ថុតាងដកហូតបានមានម្សៅក្រាមសថ្លា ចំនួន៣កញ្ចប់តូច និងកង់១គ្រឿង។

   លោក ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនបានបន្តទៀតថា កម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវបានធ្វើការល្បាតក្នុងមូលដ្ឋាន ហើយបានប្រទះឃើញជនសង្ស័យខាងលើក៏ធ្វើការបង្រ្កាបជាបន្តបន្ទាប់។

   បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្នសិនរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ ជីណា


ចែករំលែក៖