ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសហការបំផ្លាញ និងដកហូត ឧបករណ៍បទល្មើសខុសច្បាប់ស្ដីពីជលផលជាច្រើន

ចែករំលែក៖

 

     ខេត្តពោធិ៍សាត់ ៖ កម្លាំងសហការរួមមានៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្រុក និងខេត្ត អគ្គស្នងការដ្ឋាននគរបាលជាតិ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប អនុគណៈកម្មការ និងក្រុមការងារបង្រ្កាបបទល្មើសជលផល ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលជលផល យោធាខេត្ត ចុះកាប់បំផ្លាញ និងដកហូតនូវឧបករណ៍ បទល្មើសខុសច្បាប់ស្ដីពីជលផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

 ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើ ធ្វើឡើងនៅថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅលើផ្ទៃទឹកបឹងទន្លេសាប ចាប់ពីភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ។

 លោក ភុំ វិមល នាយខណ្ឌរដ្ឋជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលបានដឹកនាំមន្ត្រីក្រោមឱវាទបានឲ្យដឹងថា លទ្ធផលៈ ២ករណី(របងស្បៃមុង និងលបប្រើស១០០)។ លោក នាយខណ្ឌបន្តថា ឧបករណ៍ជាវត្ថុតាងរបាំងស្បៃមុងចំនួន៣៦ខ្សែ ស្មើនឹងប្រវែងចំនួន៣.៦០០ម៉ែត្រ លូកងស្បៃមុងចំនួន២៩មាត់ ក្បាលបរចំនួន៣គ្រឿង បង្គោលចម្រឹងចំនួន១៥០ដើម លបប្រើស១០០ ចំនួន២៥ខ្សែ និងចាក់លែងត្រីចំរុះចូលបឹងធម្មជាតិ(ទន្លេសាប)ចំនួន១៦គីឡូក្រាមផងដែរ ។

 លោក បន្តទៀតថា ចំពោះឧបករណ៍ជាវត្ថុតាងមួយចំនួនបំផ្លាញចោល និងមួយចំនួនទៀតយកមករក្សាទុក ដើម្បីបំផ្លាញចោលតាមនីតិវិធី គោលដៅបន្តៈ ក្រុមការងាររុះរើសំរាស់យកទៅដាក់កន្លែងអភិរក្សជលផល របងនៅសេសសល់ និងអួនអូសទឹកសាប(ឆក់ត្រជាក់ ក្ដៅ)ឈិបយន្តបន្តបង្រ្កាប់ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖