ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបLand roverបើកឡើងសួនពុះចែកទ្រូងផ្លូវ រួចបុកបង្គោលស្លាកសញ្ញាចរាចរណ៍និងបង្គោលប៉ាណូរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

     ភ្នំពេញ ៖ បុរសម្នាក់សង្ស័យតែស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាក Land rover មួយគ្រឿងឡើងសួនពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី រួចបន្តទៅបុកបង្គោលប៉ាណូមួយដើមទៀតបណ្ដាលឲ្យទ្រេត រីឯរថយន្តទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខសាលារៀនណតប្រ៊ីត តាមបណ្តោយផ្លូវ ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Land rover មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2L-1680 ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃឡើងលើសួនពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលស្លាកចរាចរណ៍មួយដើមបាក់រាបដល់ដី រួចបន្តទៅបុកបង្គោលប៉ាណូមួយដើមទៀតបណ្ដាលឲ្យទ្រេត ឯរថយន្តផ្ទប់ជាប់ទៅមុខលែងរួច។ភ្លាមនោះម្ចាស់រថយន្តបង្កបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖