ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយបើកថយក្រោយបុកបង្គោលភ្លើងបាក់អស់មួយដើមនៅច្រកចូលសាលាកសិកម្មចំការដូង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តឃ្លុបម៉ាកហុីយ៉ាន់ដាយថយក្រោយមិនប្រយ័ត្នបណ្តាលឱ្យជ្រុលទៅបុកបង្គោលភ្លើងមួយដើមបាក់រាបដល់ដី បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវបេតុង ច្រកចូលសាលាកសិកម្មចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគឺមានបុរសម្នាក់បានបើករថយន្តឃ្លុបម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-9692 ថយក្រោយរកកន្លែងចតឱ្យបានត្រឹមត្រូវ ខណៈបើកថយចុះឡើងៗមិនប្រយ័ត្នក៏ស្រាប់តែបុកបង្គោលភ្លើងបាក់អស់មួយដើមរាបដល់ដី រីឯរថយន្តបង្កមិនការខូចខាតនោះទេ ។

    ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យមើលផងដែរ តែជាក់ស្ដែងឃើញបង្គោលភ្លើងនិងរថយន្តបង្កជារបស់ក្រុមហ៊ុនតែមួយ និងមិនបានបង្កផលប៉ះពាល់ដល់សម្បត្តិរដ្ឋ និងបង្កគ្រោះថ្នាក់ដល់មនុស្សនោះ ទើបសមត្ថកិច្ចឱ្យតំណាងក្រុមហ៊ុនចាត់ចែងដោះស្រាយដោយខ្លួនឯង ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖