ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតិពូទីនដាក់លក្ខខណ្ឌ ដើម្បីបញ្ចប់វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានបញ្ជាក់ថា រុស្ស៊ីនឹងមិនបែរខ្នងជាមួយនឹងកិច្ចពិភាក្សាជាមួយអ៊ុយក្រែននោះឡើយ ដោយសង្ឃឹមថា ភាគីទាំងសងខាងទទួលបានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។
ប្រធានាធិបតីពូទីនបានលើកឡើងនៅក្នុងជំនួបពិភាក្សា ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថា «បើទោះបីការណ៍ពិតគឺជាសង្គ្រាមកំពុងតែកើតឡើង យើងសង្ឃឹមថាភាគីទាំងពីរអាចនឹងឈានដល់កិច្ចព្រមព្រៀងតាមរយៈការទូត។ យើងបន្តកិច្ចពិភាក្សាដោយមិនបោះបង់នោះឡើយ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីនបានយល់ព្រមជាគោលការណ៍ជាមួយអង្គការសហប្រជាជាតិ (UN) និងកាកបាទក្រហមអន្តរជាតិពាក់ព័ន្ធនឹងការជម្លៀសជនស៊ីវិលចេញពីរោងចក្រដែកថែប Azovstal នៃទីក្រុងម៉ារីយូប៉ូល ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។
ការព្រមព្រៀងខាងលើធ្វើឡើងនៅក្នុងជំនួបនៅឯទីក្រុងមូស្គូ រវាងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) និងលោក ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយអ្នកទាំង២បានពិភាក្សាគ្នាពីស្ថានភាពនៅឯរោងចក្រដែកថែប Azovstal ជាសមរភូមិតស៊ូចុងក្រោយបំផុតរបស់កងទ័ពអ៊ុយក្រែនក្នុងទីក្រុងម៉ារីយូប៉ូល ដែលស្ថិតនៅក្រោមការឡោមព័ទ្ធ និងរងការទម្លាក់គ្រាប់បែកជាច្រើនខែមកនេះ។
កាលពីថ្ងៃ២៦ខែមេសា លោកពូទីន បានប្រាប់សមភាគីតួកគី គឺលោក តាយយ៉ីប អុីដូហ្កាន់ថាមិនមានប្រតិបត្តិការយោធាណាមួយកំពុងដំណើរក្នុងទីក្រុងម៉ារីយូប៉ូលនោះទេ ហើយថាទីក្រុងកៀវគួរតែទទួលខុសត្រូវលើមនុស្សដែលកំពុងជាប់គាំងក្នុងរោងចក្រ Azovstal។ ប៉ុន្តែខាងអ៊ុយក្រែនបានចោទថា រុស្ស៉ីនៅតែបន្តបើកការវាយប្រហារ និងកំពុងព្យាយាមសម្រុកចូលក្នុងរោងចក្រនេះ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ AFP)


ចែករំលែក៖